ឯកឧត្តម ហ៊ុន ម៉ានី «អត្រានៃអ្នកចេញទៅបោះឆ្នោត សរបញ្ជាក់ឱ្យឃើញជាក់ច្បាស់ថាប្រជាពលរដ្ឋពិតជាបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់អំណាចក្នុងការកំណត់ជោគវាសនាប្រទេសជាតិខ្លួន ដោយខ្លួនឯង»
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានដំណើរការទៅដោយរលូននៅតាមការិយាល័យបោះឆ្នោតនៅទូទាំងខេត្ដ ដោយប្រជាពលរដ្ឋបានអញ្ជើញមកចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។ ផ្អែកតាមលទ្ធផលបណ្តោះអាសន្នមិនទាន់ផ្លូវការ យើងបានឃើញថាអត្រាអ្នកចេញទៅបោះឆ្នោតនៅទូទាំងប្រទេស មានចំនួន ៨៤,២១ % (គិតត្រឹមម៉ោង ១៦:១៧ នាទី)។
តាមរយៈលទ្ធផលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដោយបានផ្តល់យុត្តិធម៌ដល់គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយបានជ្រើសរើសគណបក្សនយោបាយស្របតាមឆន្ទៈ និងការវិនិច្ឆ័យរបស់ខ្លួន។ ឯកឧត្តម បានគូសបញ្ជាក់ថា អត្រានៃអ្នកចេញទៅបោះឆ្នោត សរបញ្ជាក់ឱ្យឃើញជាក់ច្បាស់ថាប្រជាពលរដ្ឋពិតជាបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់អំណាចក្នុុងការកំណត់ជោគវាសនាប្រទេសជាតិខ្លួន ដោយខ្លួនឯង។
ឯកឧត្តម បានបន្តថាការយល់ច្បាស់ពីសារៈសំខាន់នៃការបោះឆ្នោត និងការប្រើប្រាស់សិទ្ធិនយោបាយមួយនេះយ៉ាងត្រឹមត្រូវ គឺជាការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ បើទោះបីជាមានជនមួយក្តាប់តូចព្យាយាមអុកឡុកដំណើរការបោះឆ្នោតតាមរយៈសកម្មភាពល្មើសផ្សេងៗ ដែលទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចមានតម្រូវការក្នុងការអនុវត្តច្បាប់ ក៏យើងសង្កេតឃើញថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាពេញលេញ ដោយគ្មានការរំខានឡើយ។