ឯកឧត្តម ហ៊ុន ម៉ានី៖ «វត្តមានបងប្អូនប្រជាពលរដ្ឋកំពង់ស្ពឺនាឱកាសបិទយុទ្ធនាការបោះឆ្នោតនេះមានគោលបំណងតែមួយគត់គឺ ពាក់ Logo គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសជាតិទៅមុខ»
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ និងឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៃការជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី ៧ ឆ្នាំ២០២៣ ជាមួយសមាជិកសមាជិកាគណបក្ស ប្រមាណ ៥ពាន់ នាក់ នៅទីលានវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងរយះពេល ២០ ថ្ងៃពេញ ក្រុមការងារចុះជួយក្រុមជាន់ថ្នាក់ បានចុះតាមខ្នងផ្ទះ ដើម្បីណែនាំសល់ប្រជាពលរដ្ឋពី ពេលវេលា ទីតាំង ឯកសារដែលត្រូវយកទៅបោះឆ្នោត។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន ផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើគណបក្សប្រជាជន រួមទាំងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន។
ជាមួយគ្នានោះឯកឧត្តមបានគូសបញ្ជាក់ថា ការដឹកនាំរបស់គណបក្សប្រជាជនគឺដឹកនាំប្រកបដោយគោលនយោបាយច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ ដោយពឹងផ្អែកលើបទពិសោធន៍ដឹកនាំ។ រយៈពេល ៤៤ ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បាននាំនូវការអភិវឌ្ឍ និងការរីកចម្រើនបន្ទាប់ពីកម្ពុជាបានឆ្លងកាត់បទពិសោធដ៏ជូរចត់កន្លងមក។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ CPP គឺបេជ្ញាចិត្តបម្រើប្រជាជន និងបន្តអនុវត្តគោលនយោបាយបក្សដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ឯកឧត្តមបានរំលេចថា ក្រោមម្លប់នៃសន្តិភាព គណបក្សបក្សប្រជាជនបានប្រើឱកាសបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាជនទូទៅមិនថា បងប្អូនកម្មករ កម្មការិនី មន្រ្តីរាជការ អាជីវករជាដើម។ល។
ឯកឧត្តមបានលើកឡើងថា «វត្តមានបងប្អូនប្រជាពលរដ្ឋកំពង់ស្ពឺនាឱកាសបិទយុទ្ធនាការបោះឆ្នោតនេះមានគោលបំណងតែមួយគត់គឺ ពាក់ Logo គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសជាតិទៅមុខ » ដោយនឹងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ការបោះឆ្នោត ១ សន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺធានាដល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ។
ឯកឧត្តមបានអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចេញទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨ ដោយគូសបញ្ជាក់ថា «ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំប្រកបដោយការឯកភាពផ្ទៃក្នុង សាមគ្គីភាព ភាពចាស់ទុំ ភាពទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ»។ ឯកឧត្តមបានបន្ថែមថា «បើសិនគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះគឺ អត្ថប្រយោជន៍ទាំងអស់របស់ប្រជាជននឹងថែរក្សា រួមទាំងកើនឡើងបន្ថែមទៀត»។