| |

ឯកឧត្តម នួន ផារ័ត្ន៖ «ដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិចេញពីរបប ប៉ុល ពត គឺជាសច្ចភាពប្រវត្តិសាស្ត្រពិត និងបានដាស់អារម្មណ៍យើងខ្ញុំជាយុវជនជំនាន់ក្រោយ ឱ្យហ៊ានលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ»


ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្នុងនាមជាយុវជនជំនាន់ក្រោយ បានរំលេចសារដ៏មុះមុតមួយ ថា «ក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយ យើងខ្ញុំតែងចងចាំជានិច្ច «ស្មារតី ២០ មិថុនា ឆ្នាំ១៩៧៧» ដែលបានឈានទៅបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា»។ អភិបាលវ័យក្មេងរូបនេះ បានបន្តថា «ដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិចេញពីរបប ប៉ុល ពត គឺជាសច្ចភាពប្រវត្តិសាស្ត្រពិត និងបានដាស់អារម្មណ៍យើងខ្ញុំជាយុវជនជំនាន់ក្រោយ ឱ្យហ៊ានលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ និងមិនត្រូវបោះបង់ក្តីសង្ឃឹមចំពោះប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ។»

ការលើកឡើងនេះ ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ដែលជានៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)។ ផ្តើមចេញពីដំណើរតស៊ូរបស់ថ្នាក់ដឹកនាំកម្ពុជា បាននាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

តាមរយៈសារខាងលើនេះ បានបញ្ជាក់អំពីស្មារតីដឹងគុណ និងជាការរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន ដែលជាកត្តាជំរុញឱ្យយុវជនជំនាន់ក្រោយធ្វើខ្លួនជាសសរទ្រូងដ៏រឹងមាំ ក្លាហាន ហ៊ានលះបង់ដើម្បីជាតិមាតុភូមិ និងរក្សាសុខសន្តិភាពដែលបានមកដោយលំបាកនេះ៕

Nuon Pharath