រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្ពុជាកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា បដិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត
ថ្លែងក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២៣ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការត្រឹមតែមានចំណេះដឹងតែម្យ៉ាង មិនគ្រប់គ្រាន់នោះទេ ធនធានមនុស្សចាំបាច់ត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដេីម្បីក្លាយជាពលរដ្ឋល្អ ។
![](https://media.brandbodia.com/wp-content/uploads/2023/06/C48E5F64-D030-454C-B8CD-70B85F8FBA7C.jpeg)
ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា «ក្មួយៗជាសិស្សពូកែ និងជាជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញាវន្តសម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ជាពិសេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា បដិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត។ល។»
![](https://media.brandbodia.com/wp-content/uploads/2023/06/2C572999-6529-4CB6-A191-BEB579C74BFE.jpeg)
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអបអរសាទរជាមួយជ័យលាភីទាំង ៦០រូបជាសិស្សពូកែទូទាំងប្រទេស ព្រមទាំងបេក្ខជនទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ និងបានឆ្លងកាត់នូវបទពិសោធន៍មួយទៀត ក្នុងវ័យជាសិស្សនៅកម្រិតចំណេះទូទៅ និងជាសិស្សពូកែ។
![](https://media.brandbodia.com/wp-content/uploads/2023/06/759C80AE-BF32-4A37-B0EA-A61CCACAA3C0.jpeg)
សូមជម្រាបថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស បានដំណើរការអស់រយៈពេល ១សប្តាហ៍កន្លង ដែលមានសិស្សចូលរួមប្រឡងចំនួន៤៨០នាក់៕
ប្រភព៖ MoEYS Cambodia