ក្នុងរយៈពេល៣ឆ្នាំ រោងចក្រចម្រាញ់រ៉ែមាសខេត្តមណ្ឌលគិរីចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦ ៧២៧,៧០
ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានចាប់ផ្តើមសាងសង់ឡើងពីពាក់កណ្តាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក ហើយត្រូវបានបញ្ចប់ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១។
![](https://media.brandbodia.com/wp-content/uploads/2023/06/C8A4839E-E3B5-4E58-A0FB-DD2E40E21A5E.jpeg)
បន្ទាប់ពីបានសម្ពោធដាក់ឱ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះជាផ្លូវការ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦ ៧២៧,៧០ (ប្រាំមួយពាន់ ប្រាំពីររយម្ភៃប្រាំពីរ ក្បៀសចិតសិប) គីឡូក្រាម។ នេះដោយយោងតាមក្រសួងធនធាមរ៉ែ និងថាមពល។
![](https://media.brandbodia.com/wp-content/uploads/2023/06/98CF7865-05D4-4426-B13D-88A0BA751584.jpeg)
សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។ ទន្ទឹមនឹងការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏បាននឹងកំពុងបង្កើតបានផងដែរ នូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
![](https://media.brandbodia.com/wp-content/uploads/2023/06/440E3C1C-4505-4FE2-B061-E07838E50F01.jpeg)
ប្រភព: មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី