| |

សម្ដេចតេជោ ហ៊ុន សែន៖ កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់


នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មានប្រសាសន៍នាឱកាសនេះ សម្ដេចបានធ្វើការរំលេចឡើងថា កម្ពុជាមានកំហុសខាងនយោបាយពីអតីតកាល ដែលធ្វើឱ្យចាប់ផ្ដើមមានវិនាសកម្ម និងកង្វះធនធានមនុស្ស។ សម្ដេចបន្តថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះទេ។

ដោយឡែកបច្ចុប្បន្ននេះ សន្តិភាពបានកើតឡើងក្នុងប្រទេស ហើយកម្ពុជាបានខិតខំវិនិយោគលើវិស័យអប់រំនេះខ្លាំងណាស់ ។ សម្ដេចបានស្នើឱ្យក្រសួងអប់រំយុវជន និងកីឡា បន្តពង្រឹងគុណភាពនៃការអប់រំបណ្ដុះបណ្ដាលតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ព្រោះការអភិវឌ្ឍ មិនអាចខ្វះធនធានមនុស្សបានទេ។ ជាមួយគ្នានេះ សម្ដេចក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យកចិត្តទុកដាក់លើការរកសាស្ត្រាចារ្យ ដែលពូកែៗ និងមានបទពិសោធន៍ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា អគារសិក្សានេះត្រូវបានប្រសិទ្ធនាមថា «អគារសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើងដោយរចនាប្លង់ស្ថាប័ត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ សំយោគចូលនូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធ សាស នា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌ អា ណានិគម និងស្ថាបត្យកម្មទំនើបកម្ម និងចំណាយថវិកាក្នុងការសាងសង់សរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក៕