ឯកឧត្តម ហ៊ុន ម៉ានី: គូសរំលេចពីទង្វើដែលមិនគួរឲ្យកើតមានក្នុងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា
២០២៣ ជាឆ្នាំដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកដំបូងប្រកបដោយមោទកភាពជាទីបំផុត។ លើសពីព្រឹត្តិការណ៍កីឡា នេះជាពេលវេលារបស់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់ខ្លួនលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់ និងសុខសន្តិភាពដ៏ពេញលេញរបស់យើង។
យ៉ាងណាមិញ នៅក្រោយភាពផ្ចិតផ្ចង់ ការខិតខំប្រឹងប្រែងដើម្បីភាពល្អប្រសើរក្នុងព្រឹត្តិការណ៍ទាំងមូល តែងមានបញ្ហាលើសលោះ ប៉ះពារជុំវិញលទ្ធផលឈ្នះ និងចាញ់។ ជុំវិញបញ្ហានេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញសារដាស់តឿនមួយ នៅលើបណ្ដាញសង្គម អមជាមួយរូបភាពមួយចំនួន ដែលមានខ្លឹមសារថា:
«ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។
យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង។»