ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡា តែជាការបង្ហាញនូវមោទកភាព សាមគ្គីភាព សុខដុមនីយភាព សន្តិភាព វិសាលភាពនៃអរិយធម៌ វប្បធម៌ និងសក្តានុពលរបស់កម្ពុជាទៅកាន់សកលលោក
កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ យុទ្ធនាការ Beyond the Games បានរៀបចំកម្មវិធី Beyond The Games’day ដើម្បីអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅបរិវេណវិមានឈ្នះ ឈ្នះ ក្រោមការផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគណៈកម្មការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចំពោះការផ្តល់ឱកាសឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាផ្នែកមួយក្នុងមហាព្រឹត្តិការណ៍នេះ តាមរយៈការរៀបចំយុទ្ធនាការ #BeyondTheGames ដើម្បីចូលរួមគាំទ្រ និងផ្សព្វផ្សាយពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម គូសបញ្ជាក់ថា ជាមួយនឹងការគាំទ្ររបស់រាជរដ្ឋាភិបាល ស.ស.យ.ក. តាមរយៈយុទ្ធនាការ #BeyondThegames បានចូលរួមលើកកម្ពស់មោទកភាពជាតិ ដោយការផ្សារភ្ជាប់ព្រឹត្តិការណ៍កីឡានេះទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា និងការបំផុសស្មារតីមិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡា តែជាការបង្ហាញនូវមោទកភាព សាមគ្គីភាព សុខដុមនីយភាព សន្តិភាព វិសាលភាពនៃអរិយធម៌ វប្បធម៌ និងសក្តានុពលរបស់កម្ពុជាទៅកាន់សកលលោក។
ឯកឧត្តម បានបន្តថា យុទ្ធនាការ #BeyondTheGames ក៏បានបញ្ជ្រាបព័ត៌មាន បង្កើតមនោសញ្ចេតនា បង្ហាញពីទឹកចិត្តស្រឡាញ់ និងការគាំទ្រចេញពីក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាចំពោះបងប្អូនកីឡាករ និងកីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតតំណាងប្រទេសក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីបានទន្ទឹងរង់ចាំអសរយៈពេល ៦៤ឆ្នាំ ពេលនេះនៅសល់រយៈពេល ១សប្ដាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «កីឡារស់ក្នុងសន្តិភាព» ប្រកបដោយមោទកភាពជាតិជាទីបំផុត៕