| |

រឿង ៣យ៉ាង ដែលកម្ពុជាធ្វើឱ្យប្រជាជាតិនឹងចងចាំពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣


ភាពជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមរបស់កម្ពុជា គឺជាមោទកភាពនៃប្រជាជនខ្មែរ និងជាអ្វីដែលយើងបានរង់ចាំអស់រយៈពេលជាង៦០កន្លងមកហើយ។ កម្ពុជា បានត្រៀមលក្ខណៈយ៉ាងល្អប្រសើរទាំងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្ដាប់ធ្នាប់ និងការទទួលស្វាគមន៍អត្តពលិកមកពីបណ្ដាប្រទេសជាសមាជិកយ៉ាងកក់ក្ដៅ។

អ្វីដែលជាការចាប់អារម្មណ៍ និងធ្វើឱ្យប្រជាជនសាទរជាមួយការរៀបចំស៊ីហ្គេមឆ្នាំ២០២៣នេះ គឺទីមួយ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរ៉ាប់រងនូវរាល់ការចំណាយសម្រាប់ប្រទេស ដែលចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ទាំងអស់ ដែលរួមមានមធ្យោបាយធ្វើដំណើរ អាហារ និងការស្នាក់នៅ។ តាមរយៈការលើកឡើងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថាការយកថ្លៃការចំណាយពីប្រតិភូកីឡាចូលរួមក្នុងស៊ីហ្គេម មិនធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានឡើយ ប៉ុន្តែតាមរយៈទង្វើនេះ នឹងធ្វើឱ្យបរទេសបានស្គាល់ និងយល់ពីកម្ពុជាកាន់តែច្រើន។

ទីពីរ ក្នុងព្រឹត្តិការណ៍បើក និងបិទកីឡាស៊ីហ្គេមនៅកម្ពុជា នឹងមិនមានការលក់សំបុត្រទស្សនា ឬការផ្សាយពាណិជ្ជកម្មណាមួយនោះទេ។ មហាជន អាចទស្សនាការប្រកួតដោយមិនគិតថវិកានោះទេ ស្របពេលដែលការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡានេះ កម្ពុជាបានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងដំណើរការរៀបចំនេះ ដែលសរុបរហូតដល់ ២០០ លានដុល្លារ។

ទីបី សម្រាប់ប្រជាពលរដ្ឋដែលពុំមានសំបុត្រចូលទស្សនា រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំឱ្យមានការផ្សាយបន្តផ្ទាល់ការប្រកួតចេញពីពហុកីឡដ្ឋានមរតកតេជោ និងពហុកីឡាដ្ឋានជាតិអូឡាំពិកជាដើម ដើម្បីជាការសម្រួលលទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋដែលស្នេហាវិស័យកីឡា បានទស្សនាការប្រកួត ផងដែរ។ យ៉ាងណាមិញ រាល់សិទ្ធផ្សាយបន្តផ្ទាល់ ក៏នឹងមិនត្រូវបានគិតថវិកានោះទេ។ ជាក់ស្ដែង សម្រាប់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖
១-សួនច្បារមុខវត្តបទុមវត្តី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣-ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ
៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ដោយឡែក សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យអភិបាលខេត្ត នៅតាមបណ្ដាខេត្តនានា យកចិត្តទុកដាក់ ខិតខំរៀបចំសម្រាប់ការបញ្ចាំងស្លាយជាបន្តបន្ទាប់ចេញពីការប្រកួតនេះ នៅតាមទីតាំងផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាផងដែរ៕