តើអ្វីទៅជាសមាគមឧកញ៉ាកម្ពុជា? បង្កើតឡើងដើម្បីអ្វី?


សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារ ឧកញ៉ាទាំងអស់នៅកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយមានសម្ដេចអតេជោនាយករដ្ឋមន្ត្រីជាប្រធានកិត្តិយសរបស់សមាគម។ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាដៃគូររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជួបបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំការងារជួយសង្គម សម្ដេចតេជោ បានផ្តល់អនុសាសន៍ និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់ ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការរស់នៅក្នុងសង្គមមួយបានគឺមិនអាចកាត់ផ្តាច់គ្នានោះឡើយ រវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។

ដោយឡែក ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមានសម្តេចតេជោ ជាប្រធានកិត្តិយសរបស់សមាគម គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន៕

ប្រភព៖ SPM