|

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសយកការសម្ពោធផ្លូវក្រាលកៅស៊ូបេតុងប្រវែង ១៦៥.៦៣ ម៉ែត្រ ជាចំណងដៃជូនអ្នកកំពង់ស្ពឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ


នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូបេតុងប្រវែង ១៦៥.៦៣ ម៉ែត្រ ស្ថិតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអនាម័យរបស់ប្រជាជន។

ឯកឧត្តម ក៏បានរំលេចឡើងថា «មានផ្លូវ គឺមានសង្ឃឹម» ផ្លូវគមនាគមន៍គឺជាសសៃឈាមនៃសេដ្ឋកិច្ច ដែលនឹងជួយសម្រួលការដឹកជញ្ផូនកសិផល ក៏ដូចជាការធ្វើដំណើរទៅរៀនសូត្រ និងទៅធ្វើការសម្រាប់បងប្អូន ក្មួយៗ សិស្សានុសិស្ស កម្មករ កម្មការិនីផងដែរ។ ជាក់ស្តែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឺ និយាយដោយឡែក ដែលបានកើតមានជាហូហែ គឺជាមាគ៌ាអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់ផ្តើមធ្វើ និងបន្តធ្វើឥតឈប់ឈរ ហើយនេះជាកាតព្វកិច្ចចម្បងរបស់គណបក្ស ជាការឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋជារៀងរហូតមក។

សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ក្រសួងអភិវឌ្ឍន៍ជនបទបានសាងសង់ផ្លូវសរុបចំនួន ១៤ ខ្សែ ប្រវែង ១៦៥.៦៣ គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូ DBST ១៥៣.២៥ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ១២. ៣៨ គីឡូម៉ែត្រ) ឆ្លងកាត់ ២៥ ឃុំ និង ៦ ស្រុក សរុបថវិកា ១៥,១៥៤,០០០ (ដប់ប្រាំលានមួយរយហាសិបបួនពាន់) ដុល្លារអាមេរិក៕