|

ឯកឧត្តម ហ៊ុន ម៉ានី ស្នើឲ្យសាធារណជន ចៀសវាងនូវការខ្វែងយោបល់គ្នាជុំវិញបញ្ហាការស្លៀកពាក់របស់អ្នកច្នៃម៉ូដ ឯម រៀម ហើយសម្រួលគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីរកចំណុចរួមមួយ


នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការលើកឡើងជុំវិញបញ្ហាការរិះគន់ទៅលើ អ្នកច្នៃម៉ូដ ឯម រៀម នៅលើទំព័រហ្វេសហ៊ុកថា «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣»។

ឯកឧត្តម បានបន្តថា «ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកច្នៃម៉ូដ ឯម រៀម គឺជាប្រធានបទនៃការជជែកវែកញែកយ៉ាងច្រើននៃមហាជន និងអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន ជុំវិញឈុតសម្លៀកបំពាក់ដែលលោកបានស្លៀកបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ មហាជនជាច្រើន បានលើកឡើងថាសម្លៀកបំពាក់ដែលអ្នកច្នៃម៉ូដរូបនេះស្លៀក គឺបង្ហាញពីភាពមិនសមរម្យ និងប្រាសចាកប្រពៃណី វប្បធម៌ខ្មែរ ហើយបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ៕