នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យបណ្ដាខេត្ត-ក្រុងបង្កើនអនាម័យក្នុងរយៈពេល៧៤ថ្ងៃនេះ ឆ្ពោះទៅកាន់ភាពជាម្ចាស់នៃព្រឹត្តិការណ៍ស៊ីហ្គេម
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគលវិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ១,៩៤៦នាក់។
ថ្លែងប្រសាសន៍នាឱកាសនេះ សម្ដេចតេជោ បានមានប្រសាសន៍រំលឹកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម នឹងចូលមកដល់ក្នុងរយៈពេល ៧៤ថ្ងៃទៀតតែប៉ុណ្ណោះ។ ដើម្បីជាការត្រៀមខ្លួនឱ្យបានល្អ ក្នុងភាពជាម្ចាស់ផ្ទះ នេះ សម្ដេច បានអំពាវនាវឱ្យពលរដ្ឋ នៅបណ្ដាទីក្រុង និងខេត្តមួយចំនួនដែលជាទីតាំងប្រកួត ត្រូវបង្កើនអនាម័យឱ្យបានល្អចាប់ពីពេលនេះទៅ ខណៈដែលរាជរដ្ឋាភិបាលនឹងខិតខំពង្រឹងសន្តិសុខសម្រាប់ការទទួលការស្វាគមន៍ដល់កីឡាករ កីឡាការនី និងអ្នកគាំទ្រមកពីប្រទេសនានា យ៉ាងកក់ក្ដៅ។
សម្ដេចបានបន្តថា មិនត្រឹមតែនៅទីក្រុង ឬខេត្តដែលជាទីតាំងប្រកួតនោះទេ ប៉ុន្តែត្រូវបង្កើនអនាម័យនៅគ្រប់បណ្ដាខេត្ត-ក្រុងទាំងអស់ ពីព្រោះព្រឹត្តិការណ៍ស៊ីហ្គេម មិនត្រឹមតែដើម្បីកីឡាករតែប៉ុណ្ណោះទេ តែក៏ដើម្បីអ្នកគាំទ្រដូចគ្នា តាមរយៈការធ្វើដំណើរកម្សាន្តនាឱកាសនេះ ទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ។
ជាមួយគ្នានេះ សម្ដេចបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅបរទេសឱ្យមកទស្សនានៅកម្ពុជា ក្នុងឱកាសដ៏សំខាន់គឺ ក្នុងពេលការប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនៃអង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរខេត្តសៀមរាបផងដែរ ដើម្បីទទួលយកភាពសប្បាយរីករាយ និងមោទកភាព ក្រោមដំបូលគ្រួសារខ្មែរ៕