|

«រាជធានីភ្នំពេញកំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឆ្ពោះទៅក្លាយជាទីក្រុងមួយដែលមានភាពធន់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព»


កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងតំបន់។ អត្រាកំណើនសេដ្ឋកិច្ច បូកផ្សំជាមួយកំណើនធនធានមនុស្សវ័យក្មេង បាននាំមកនូវវឌ្ឍនភាពដ៏សំខាន់សម្រាប់ប្រទេសមួយនេះ ដោយគេអាចកត់សម្គាល់តាមរយៈការរីកលូតលាស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាទំនើបៗ និងការវិនិយោគពីសំណាក់វិនិយោគិនបរទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាបេះដូងនៃកម្ពុជា។

សមិទ្ធផលទាំងឡាយ អាចកើតឡើងជាបន្តបន្ទាប់ បានមកពីការរួបរួមគ្នាប្រកបដោយស្មារតីយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសក៏មិនអាចកាត់ផ្ដាច់បានពីការសហការពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេសបានឡើយ។

ជាទឡ្ហីករណ៍ដ៏សំខាន់មួយ តាមរយៈការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានរំលេចអំពី បញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសដោយកម្ពុជាទទួលរងឥទ្ធិពលនៃសម្ពាធខ្ពស់មកពីប្រទេសចិន និងខ្យល់មូសុងឦសាន្តដែលមានកម្សិតពីខ្សោយទៅមធ្យម ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលិច បណ្តាលឱ្យកម្ពស់ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងដល់ស្ថានភាពប្រកាសអាសន្នក្នុងកម្រិត ៦ ម៉ែត្រ ៥០ សង់ទីម៉ែត្រ ដែលជាគោលការណ៍ចាប់ផ្តើមពីកម្រិត ៦ ម៉ែត្រ ៣០ សង់ទីម៉ែត្រ គឺយើងនឹងប្រកាសអាសន្នហើយ ដែលស្ថានភាពនេះប្រហាក់ប្រហែលគ្នានឹងជំនន់នៅឆ្នាំ២០២០ ដែលមានកម្ពស់ ៦ ម៉ែត្រ ៣៨ សង់ទីម៉ែត្រ ។

ប៉ុន្តែ ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ក្នុងការបង្កើននូវភាពធន់ដើម្បីទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោតនេះ ស្ថានភាពដូចគ្នានៅឆ្នាំនេះ មិនបានបង្កជាការជន់លិចទ្រង់ទ្រាយធំ ដូចកាលពីឆ្នាំ២០២០ នោះទេ ។

តាមរយៈលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ឯកឧត្តម បានឆ្លុះបញ្ចាំងឱ្យឃើញថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញកំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឆ្ពោះទៅក្លាយជាទីក្រុងមួយដែលមានភាពធន់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់ឯឧ អភិបាលរាជធានី ស្របតាមចក្ខុវិស័យ និងការដឹកនាំជារួមប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ Nuon Pharath- នួន ផារ័ត្ន