|

ឯកឧត្តម ហ៊ុន ម៉ានី និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនដល់បងប្អូនកងកម្លាំងប្រជាការពារនៃខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ


ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនដល់បងប្អូនកងកម្លាំងប្រជាការពារនៃខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្នុងឱកាសបំណាច់ឆ្នាំ។ មានវត្តមានក្នុងកម្មវិធីនេះដែរ រួមមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខណ្ឌទាំង១៤ចូលរួមផងដែរ។

ជំនួសមុខឱ្យកងកម្លាំងដែលទទួលបានអំណោយនាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការីដែលតែងតែគិតគូរដល់សុខទុក្ខនៃកងកម្លាំងប្រជាការពារ និងសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ។ ជាពិសេស ឯកឧត្តមបានចំណាយពេលវេលាមកជួបផ្ទាល់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយភាពស្និទស្នាលបំផុត។

ថ្លែងទៅកាន់បងប្អូនកងកម្លាំង ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណបងប្អូនកងកម្លាំងដែលបានបំពេញតួនាទីការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងពិធីបុណ្យជាតិធំៗ កងកម្លាំងគ្រប់ប្រភេទ ត្រូវឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ និងចុងក្រោយថ្មីៗនេះ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអាយប៉ា កងកម្លាំងបានរួមចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរដែលបានជួយធ្វើឱ្យដំណើរការកិច្ចប្រជុំទាំងឡាយបានប្រព្រឹត្តទៅដោយជោគជ័យ។

គួរបញ្ជាក់ថា ជំនួបសំណេះសំណាលនេះក៏ជាឱកាសនៃការអបអរសាទរនៃការឈានចូលនៃឆ្នាំថ្មី ឆ្នាំសកល២០២៣ផងដែរ។