| |

ឯកឧត្តម ហ៊ុន ម៉ានី៖ «ក្នុងនាមជាកូនខ្មែរ ខ្ញុំមិនមានការនឿយណាយជាមួយការទស្សនារាល់ទម្រង់នៃសិល្បៈទស្សនីយភាពបូរាណខ្មែរឡើយ»


កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័តនៃទម្រង់ល្ខោនក្បាច់បូរាណ ក្នុងកម្មវិធី «ល្ខោនខ្មែរ» រដូវកាលទី ១ ដែលជាគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

ក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ ដែលបានចូលរួមប្រកួតដ៏ស្វិតស្វាញក្នុងកម្មវិធីនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ញើចសរសើរដល់ស្មារតីស្នេហាវប្បធម៌ជាតិ របស់ ស.ស.យ.ក. ខេត្តស្វាយរៀង ដែលបានធ្វើឱ្យកម្មវិធីនេះកើតមានឡើង ដែលបង្កើតបានជាឱកាសសម្រាប់យុវជនជំនាន់ក្រោយសិក្សាស្វែងយល់ និងចូលរួមលើកស្ទួយ ការពារសម្បត្តិវប្បធម៌អរូបីរបស់ជាតិ។

ឯកឧត្តម បានលើកឡើងថា «ក្នុងនាមជាកូនខ្មែរ ខ្ញុំមិនមានការនឿយណាយជាមួយការទស្សនារាល់ទម្រង់នៃសិល្បៈទស្សនីយភាពបូរាណខ្មែរឡើយ។ ស្មារតីនៃការស្រលាញ់ ថែរក្សាការពារ និងលើកស្ទួយមរតកវប្បធម៌របស់បុព្វបុរស មិនមែនត្រឹមតែជាកាតព្វកិច្ចរបស់យើងម្នាក់ៗនោះទេ តែគឺត្រូវផុសចេញពីបេះដូងដោយផ្ទាល់ តាមរយៈការសិក្សា សង្កេត និងស្វែងយល់ពីប្រវត្តិកកើត ការវិវឌ្ឍ និងលក្ខណៈពិសេសរបស់ទម្រង់នីមួយៗ។ ខ្ញុំជឿជាក់ថា កូនខ្មែរគ្រប់រូបសុទ្ធតែមានបេះដូងមួយនេះ ហើយយើងទាំងអស់គ្នានឹងបន្តថែរក្សាកេមរតកដ៏ល្អផូរផង់របស់បុព្វបុរសឱ្យបានឋិតឋេរចេរកាលតទៅ»។

សូមបញ្ជាក់ថា ក្រុមជ័យលាភីទាំង៣នៃកម្មវិធី ល្ខោនខ្មែររដូវកាលទី១ ក្រោមវិញ្ញាសាទម្រង់របាំបុរាណខ្មែររួមមាន៖ ជ័យលាភីលេខ១ «ក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ» ជ័យលាភីលេខ២ បានទៅលើ«ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប» និងជ័យលាភីលេខ៣ បានទៅលើ«ក្រុមខ្ញុំស្រលាញ់វប្បធម៌ នៃស.ស.យ.ក.ខេត្តកំពង់ស្ពឺ»៕

ប្រភព៖ Hun Mnay, UYFC Svay Rieng Province