|

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចុះពិនិត្យលើការអនុវត្តសាកល្បងនៃគម្រោងចំណតរង់ចាំឆ្លាត (Smart Bus Shelter)


កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យជាមួយអ្នកជំនាញការជប៉ុន លើការអនុវត្តសាកល្បងនៃគម្រោងចំណតរង់ចាំឆ្លាត (Smart Bus Shelter) ។ ការអនុវត្តសាកល្បងនៃចំណតរង់ចាំឆ្លាតនេះ មានចំនួន ២ ទីតាំង៖ នៅខាងមុខមន្ទីរពេទ្យព្រះអង្គដួង និងនៅខាងមុខវិទ្យាល័យព្រះស៊ីសុវត្ថិ តាមដងមហាវិថីព្រះនរោត្តម។

គម្រោងនេះនឹងចូលរួមបង្កភាពងាយស្រួល និងផ្តល់ទំនុកចិត្តបន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ មកលើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង តាមរយៈការបំពាក់សម្ភារបរិក្ខារឆ្លាតមួយចំនួន រួមមាន៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលភ្លើងប្រើប្រាស់ថាមពលព្រះអាទិត្យ, ផ្ទាំង LED ដែលមានបញ្ជាក់ពីទីតាំងជាក់ស្តែងរបស់រថយន្ត និងថេរវេលាដែលរថយន្តនឹងមកដល់ចំណតរង់ចាំ។

ជាមួយនឹងការលេចចេញនូវដំណោះស្រាយបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការកែសម្អគុណភាពជីវិត តាមរយៈការរួមចំណែកដល់ការកែលម្អសោភ័ណភាពទីក្រុង ប្រសិទ្ធភាពនៃការប្រតិបត្តិការ និងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើការធ្វើឱ្យប្រសើរឡើងនូវចលនា និងលំហូរនៃការដឹកជញ្ជូន ចំណតរថយន្តក្រុងឆ្លាតវៃ ក៏ជាគន្លឹះក្នុងការធានាសុវត្ថិភាពក្នុងទីក្រុង ដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានសាធារណៈដែលពាក់ព័ន្ធផងដែរ.

គួរបញ្ជាក់ថា គម្រោងចំណតរង់ចាំឆ្លាត ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន-ជប៉ុន ហើយក៏ជាគន្លឹះឆ្ពោះទៅរកអានាគតទីក្រុងឆ្លាតវៃផងដែរ៕

ប្រភព៖ Nuon Pharath, Blog OEMKIOSKS