ឯកឧត្តម នួន ផារ័ត្ន នាំយកប្រសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងក្នុងទិវាក្រុមអ្នកស្ម័គ្រចិត្តបារាំង ជុំវិញតម្រូវការក្នុងការចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា


កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាក្រុមអ្នកស្ម័គ្រចិត្តបារាំងឆ្នាំ២០២២ នៅវិទ្យាស្ថានបារាំងតាមការអញ្ជើញរបស់ France Volontaires ។

ក្នុងឱកាសនេះ ឯកឧត្តម នួន​ ផារ័ត្ន បាននាំយកនូវប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមប្រធានទៅកាន់ជំនួបដ៏ពិសេសនេះ ជុំវិញតម្រូវការក្នុងការចូលរួមជាមួយ ស.ស.យ.ក. ដោយឯកឧត្តម បានលើកឡើងថា« ការចូលរួមជាមួយ ស.ស.យ.ក. គឺត្រូវការចិត្ត ព្រោះ ស.ស.យ.ក. តែងស្វាគមន៍អ្នកដែលមានឆន្ទៈក្នុងការលះបង់ពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួន តាមរយៈការងារស្ម័គ្រចិត្ត ជូនមកដល់សង្គមជាតិវិញ»។

France Volontaires au Cambodge គឺជាអង្គការក្រៅរាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ការងារស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីផ្សេងៗ ក្នុងគោលបំណងដើម្បីរួមចំណែកផ្ដល់នូវភាពវិជ្ជមានដល់សង្គម។ បេសសកម្មនេះ ស្របទៅនឹងតម្លៃស្នូលនៃ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរួមចំណែកយ៉ាងធំ ដល់ការអភិវឌ្ឍសង្គមលើវិស័យផ្សេងៗនៃការអប់រំ មនុស្សធម៌ សុខភាពសាធារណៈ បរិស្ថាន ប្រជាធិបតេយ្យ វប្បធម៌ កីឡា និងកិច្ចការបរទេស។

ជាមួយគ្នានេះដែរ France Volontaires au Cambodge បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងបារាំង ដោយផ្អែកលើតម្លៃនៃសាមគ្គីភាព និងគ្នាទៅវិញទៅមក៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ NUON Pharath- នួន ផារ័ត្ន