ប្រធានរដ្ឋសភាវៀតណាម ស្នើឱ្យអភិបាលរាជធានីភ្នំពេញ បន្តបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាម ក្នុងការរស់នៅ សិក្សា និងធ្វើការនៅកម្ពុជាជាទូទៅ
នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបជាមួយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅទីក្រុងហាណូយ ក្នុងឱកាសដែលឯកឧត្តម ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។
![](https://media.brandbodia.com/wp-content/uploads/2022/09/IMG_20220907_085116_951.jpg)
ក្នុងជំនួបនោះ ភាគីទាំងពីរ បានសាទរចំពោះទំនាក់ទំនងល្អ តែងតែយកចិត្តទុកដាក់ចំពោះគ្នា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយហើយគ្នា ហើយប្ដេជ្ញាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជានិច្ច ដើម្បីសន្តិសុខ និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។
ដោយសម្តែងក្តីរីករាយចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង លោក Hue បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រាជធានីទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមចំណែកដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ ប្រធានរដ្ឋសភាបានស្នើឱ្យតំបន់ទាំងពីរជួយសម្រួលថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងសហគ្រាសវៀតណាម និងកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។ លោកសង្ឃឹមថា អភិបាលរាជធានីភ្នំពេញ នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ច វិនិយោគិន និងប្រជាពលរដ្ឋវៀតណាម ក្នុងការរស់នៅ សិក្សា និងធ្វើការនៅកម្ពុជាជាទូទៅ ជាពិសេសនៅរាជធានីភ្នំពេញ។
ឯកឧត្តម លោក ឃួង ស្រេង បានយល់ស្របនឹងការវាយតម្លៃរបស់វៀតណាម លើទំនាក់ ទំនងរវាងគណបក្ស និងរដ្ឋទាំងពីរជាពិសេសរវាងទីក្រុងហាណូយ និងរាជធានី ភ្នំពេញ។ ឯកឧត្តម ក៏បានលើកឡើង ពីការអភិវឌ្ឍន៍ប្រកបដោយផ្លែផ្កានៃទំនាក់ទំនងរវាងរាជធានីទាំងពីរ ដោយមានប្រសាសន៍ថា ភាគីទាំងពីរកំពុងសម្របសម្រួលឱ្យសមស្របទៅនឹងបរិបទ និងស្ថានភាពថ្មី។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ត្រូវបានគេរំពឹងថានឹងរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវអ្នកជិតខាងដ៏ល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរយៈពេលវែងដ៏ទូលំទូលាយ និងនិរន្តរភាពរវាងវៀតណាម និងកម្ពុជា៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Vietnam plus