កម្ពុជា-ថៃ សហការគ្នាតភ្ជាប់ផ្លូវជាតិរវាងប្រទេសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍


កាលពីពេលថ្មីៗនេះ សមភាគីកម្ពុជា និងថៃ បានសហការគ្នាដើម្បីកែលម្អផ្លូវជាតិលេខ៦៧ (NR៦៧) ពីអន្លង់វែង នៃខេត្តឧត្តរមានជ័យ ទៅនឹងស្រុកភូស៊ីង នៃខេត្តស៊ីសាកេតប្រទេសថៃ និងអាចតភ្ជាប់ទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់នៅកម្ពុជាផងដែរ។

គម្រោងនេះនឹងបង្កើនសមត្ថភាពលើការចរាចរណ៍កាន់តែច្រើន ហើយនឹងជួយជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។  វាក៏នឹងអភិវឌ្ឍទំនាក់ទំនងដឹកជញ្ជូនរវាងទីក្រុងសំខាន់ៗរបស់កម្ពុជា និងសម្រួលការដឹកជញ្ជូនតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC) ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងមហាអនុតំបន់មេគង្គ (GMS)។ លើសពីនេះ NR៦៧ នឹងតភ្ជាប់គ្នាយ៉ាងរលូន ជាមួយនឹងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃបង្កើនការប្រកួតប្រជែង និងសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ សំខាន់ជាងនេះទៅទៀត សហគ្រិននៃប្រទេសទាំងពីរ នឹងមានឱកាសក្នុងការពង្រីកអាជីវកម្មរបស់ពួកគេទៅកាន់ប្រទេសជិតខាង។

យោងទៅតាមគណៈរដ្ឋមន្ត្រីថៃ បានឱ្យដឹងថា ភាគីថៃបានផ្តល់កម្ចីទន់ចំនួន ៩៨៣ លានបាត ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ក្នុងលក្ខខណ្ឌដែលគម្រោងប្រើប្រាស់ការផ្គត់ផ្គង់សម្ភារៈ និងឧបករណ៍ពីប្រទេសថៃមិនតិចជាង ៥០% នៃចំនួនប្រាក់កម្ចី។  លើសពីនេះ អ្នកម៉ៅការ និងក្រុមហ៊ុនត្រួតពិនិត្យសំណង់ត្រូវតែមានសញ្ជាតិថៃ។ ការសាងសង់នឹងចំណាយពេលប្រហែលពីរឆ្នាំ។ 

គួរបញ្ជាក់ផងដែរថា កម្ពុជាបានកំណត់គោលដៅសម្រាប់ទេសចរណ៍ ១លាននាក់នៅឆ្នាំ២០២២ យ៉ាងណាមិញ ក្នុងអំឡុងពេល៧ខែនេះ កម្ពុជាទទួលបានទេសចរណ៍សរុបចំនួន៧៤ម៉ឺននាក់ហើយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការតភ្ជាប់ផ្លូវជាមួយប្រទេសថៃនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកសំខាន់ដល់លំហូរចូលទេសចរណ៍មកកាន់កម្ពុជាក្នុងដំណាក់កាលក្រោយកូវីដ-១៩នេះ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia, Pattaya Mail