រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ «តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ កម្ពុជាជាប្រទេសដែលមានធនធានមនុស្សវ័យក្មេងច្រើន បើធៀបទៅនឹងប្រទេសអភិវឌ្ឍ»
ការអប់រំ គឺជាគោលដៅអាទិភាពមួយសម្រាប់កម្ពុជា។ ការលើកកម្ពស់ការអប់រំ គឺក្នុងន័យបណ្ដុះបណ្ដាលយុវជនទាំងឡាយ ធ្វើការអភិវឌ្ឍសមត្ថភាពឱ្យក្លាយទៅជាធនធានមនុស្សដ៏មានសក្ដានុពល និងជាកម្លាំងដ៏រឹងមាំលើគ្រប់វិស័យ ដើម្បីរុញច្រានវឌ្ឍនភាពជាតិទៅដល់ចំណុចមួយដែលយើងចង់បាន។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្លាំងជុំវិញបញ្ហានេះ ហើយទទួលបានសមិទ្ធផលដ៏ល្អ បើប្រៀបធៀបទៅនឹងអតីតកាល។ យាងណាមិញ ពិភពលោកកំពុងដើរយ៉ាងឆាប់រហ័ស ការរីកចម្រើនគ្មានទីបញ្ចប់ ដូច្នេះបើធៀបទៅនឹងប្រទេសរីកចម្រើនមួយចំនួន វឌ្ឍនភាពរបស់យើងនៅមានកម្រិត ប៉ុន្តែតាមរយៈធនធានដែលកម្ពុជាមាន ព្រមជាមួយនិងគោលដៅច្បាស់លាស់ យើងនឹងអាចមានសម្ទុះយ៉ាងឆាប់រហ័ស។
ជាក់ស្ដែងយោងទៅតាមសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា «បើយើងធ្វើការប្រៀបធៀបតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ អ្នកដែលសិក្សាពីសង្គម គេចាត់ទុកថាកម្ពុជាជាប្រទេសមួយដែលមានមនុស្សវ័យក្មេងច្រើន បើប្រៀបធៀបទៅនឹងប្រទេសដែលមានការអភិវឌ្ឍ»។ សម្ដេច បានបន្តថា «សម្រាប់ប្រទេសដែលមានការអភិវឌ្ឍមួយចំនួនបានឈានដល់ការប្រកាសអាសន្ន ដោយសារកង្វះធនធានមនុស្សវ័យក្មេង មានតែមនុស្សវ័យចំណាស់ច្រើន។ ដោយឡែកចំពោះកម្ពុជា មានធនធានមនុស្សវ័យក្មេងច្រើន ដែលនេះជាមោទកភាពរបស់យើង និងជាឱកាសដែលយើងអាចធ្វើឱ្យប្រទេសយើងរីកចម្រើនខ្លាំងក្លា»។
គួរបញ្ជាក់ថា ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងឱកាស ដែលសម្ដេចអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia