ឯកឧត្តម ហ៊ុន ម៉ានី «អ្វីដែលអស្ចារ្យលើសពីការប្រកួតប្រជែង គឺការលើកគុណតម្លៃរបស់ជនពិការទាំងអស់ប្រកបដោយស្មារតីពុះពារ និងស្នាមញញឹម»
គិតមកត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ កីឡាករ កីឡាការនីកម្ពុជា ដណ្ដើមបានមេដាយមាសចំនួន៦ លើវិញ្ញាសារផ្សេងគ្នាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដែលធ្វើឡើងនៅទីក្រុងសូឡូនៃប្រទេសឥណ្ឌូនេស៊ី ។
សាទរជាមួយជ័យជម្នះ ឆន្ទៈមុះមុត និងការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការនីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញមោទកភាពចំពោះស្នាមញញឹម និងការលះបង់របស់អត្តពលិកពិការកម្ពុជា ដែលអាចដណ្ដើមបានមេដាយមាស និងកិត្តិយសជូនជាតិជាបន្តបន្ទាប់។
ថ្លែងក្នុងកិច្ចសម្ភាសមួយ ឯកឧត្តមប្រធានបានលើកឡើងថា « ក្នុងនាមខ្ញុំជាសមាជិកគណៈប្រតិភូមួយរូប ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយរូប គឺពិតជាមានការសាទរ និងមានមោទកភាពចំពោះអ្វីដែលជាអត្តពលករ កីឡាករ-កីឡាការនីរបស់យើងបានសម្រេចលើទឹកដីសូឡូ ក្នុងឱកាសនៃការប្រកួតប្រជែងអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ។ អ្វីដែលជាការខំប្រឹងប្រែង ការត្រៀមខ្លួនរបស់គាត់ ការចូលរួមតំណាងឱ្យប្រទេសជាតិទាំងមូល ទាំងប្រជាពលរដ្ឋ១៧លាននាក់ ហើយសម្រេចបានជោគជ័យប៉ុណ្ណេះ គឺជាភាពអស្ចារ្យណាស់»។
ឯកឧត្តម បានបន្តថា អ្វីដែលជាភាពអស្ចារ្យលើសពីការប្រកួតប្រជែង និងការដណ្ដើមមេដាយ គឺការប្រកួតកីឡាប៉ារ៉ាហ្គេមនេះ មិនត្រឹមតែក្នុងក្របខណ្ឌកីឡាករ-កីឡាការនីរបស់កម្ពុជាទេ គឺបានលើកស្មារតី គុណតម្លៃរបស់ជនពិការទាំងអស់ទាំងអស់ ដោយបានបង្ហាញពីស្មារតី ការពុះពាររបស់គាត់ និងការប្រកួតប្រកបដោយស្នាមញញឹម ដោយមិនឆ្លុះបញ្ចាំងពីពិការភាពរបស់កីឡាករ-កីឡាការនីទាំងនោះឡើយ។
ឯកឧត្តម បានសម្ដែងក្ដីកោតសរសើរដល់កីឡាករ និងកីឡាការនីខ្មែរ ហើយសង្ឃឹមថា យុវជន យុវនារីកម្ពុជា ស្វែងយល់ ហើយចូលរួមគាំទ្រចំពោះអ្វីដែលជាការខំប្រឹងប្រែងរបស់ពួកគាត់៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Cambodia 2023