ឯកឧត្តម នួន ផារ័ត្ន «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការបំពេញភាពចន្លោះប្រហោង នៃរដ្ឋធម្មនុញ្ញ ពុំប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញឡើយ»
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ រដ្ឋសភាកម្ពុជា បានធ្វើការអនុម័តទាំងស្រុងនូវសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតជោនាយករដ្ឋមន្រ្តីកម្ពុជា។
![](https://media.brandbodia.com/wp-content/uploads/2022/07/FB_IMG_1659153030324.jpg)
ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់ទូទាំងប្រទេស បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គរដ្ឋសភា ដែលបានសម្រេចអនុម័តតាមសំឡេងលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល លើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ។
![](https://media.brandbodia.com/wp-content/uploads/2022/07/FB_IMG_1659153033620.jpg)
ជុំវិញសេចក្ដីសម្រេចនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការលើកឡើងថា «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការបំពេញភាពចន្លោះប្រហោង នៃ រដ្ឋធម្មនុញ្ញ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៍ពុំបានធ្វើឡើងនៅក្នុងពេលប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ» ។
![](https://media.brandbodia.com/wp-content/uploads/2022/07/FB_IMG_1659153069334.jpg)
ដោយឯកឧត្តម បានបន្តថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០នេះ ជាការគិតគួរគ្រប់ជ្រុងជ្រោយប្រកបដោយគតិបណ្ឌិត សំដៅបំពេញបន្ថែមចន្លោះខ្វះខាត នៃ រដ្ឋធម្មនុញ្ញ ដើម្បីធានាការពារនូវស្ថិរភាពនយោបាយ ភាពមិនជាប់គាំងនៃស្ថាប័នជាតិ ឲ្យដំណើរការជាប្រក្រតីដោយ រលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈ ក្នុងគោលបំណងការពារនូវឧត្តមប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន ជាពិសេសយុវជនកម្ពុជា៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Noun Pharath- នួន ផារ័ត្ន