|

ឯកឧត្តម ហ៊ុន ម៉ានី​ «សន្ដិភាពពិបាកទទួលបានណាស់ ប៉ុន្តែសន្តិភាពនេះងាយនឹងត្រូវបានបាត់បង់ក្នុងពេលតែមួយរំពេចតែប៉ុណ្ណោះ»


សារនយោបាយនេះ ត្រូវបានលើកឡើងក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាត វេទិកាសន្ដិភាពកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៧ កក្កដា កន្លងទៅ។

ឯកឧត្តម ហ៊ុន ម៉ានី

វេទិកាសន្តិភាពកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយដល់សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់អំពីគុណតម្លៃ និងផលប្រយោជន៍នានា ដែលបានមកពីការខិតខំស្វែងរកយ៉ាងលំបាករបស់មេដឹកនាំកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេស។

ដ្បិតដំណើរការស្វែងរកសន្តិភាពជូនប្រជាជាតិកម្ពុជា បានឆ្លងកាត់ការតស៊ូ និងបានបូជាសាច់ស្រស់ ឈាមស្រស់ ដោយឥស្សរជនខ្មែរជាច្រើនដំណាក់កាលក៏ដោយ ក៏សន្តិភាពជារឿងដែលផុយស្រួយ ងាយនឹងបាត់បង់ បែកបាក់ ប្រសិនបើពុំមានមាគ៌ានៃការដឹកនាំត្រឹមត្រូវ។ ជាមួយគ្នានេះ អ្វីដែលមិនអាចខ្វះបានគឺការចូលរួមរបស់ពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងការយល់ដឹងពីគុណតម្លៃនៃសន្តិភាពរបស់ជាតិខ្លួន តាមរយៈសកម្មភាពនៃការគាំទ្រ លើកកម្ពស់ ចូលរួមរក្សាសមិទ្ធផលដ៏មានតម្លៃនេះឱ្យបានស្ថិតស្ថេរ។

ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិក សមាជិកា អង្គការវេទិកាសន្តិភាពកម្ពុជាទាំងអស់ ឯកឧត្តម ហ៊ុន ម៉ានី​ ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម ក្នុងការបង្កើតឱ្យមានអង្គវេទិការសន្តិភាពនេះឡើង ដោយឯកឧត្តម បានបញ្ជាក់ថា «ដំណើរឆ្ពោះទៅមុខ ក៏ដូចជាការដឹកនាំស្ថាប័ននីមួយៗមិនមានភាពងាយស្រួលនោះទេ។ ការដឹកនាំស្ថាប័នអង្គការចាត់តាំង ត្រូវធ្វើឡើងដោយការគ្រប់គ្រងច្បាស់លាស់ ដោយសន្សឹមៗ និងត្រូវបង្កើនភាពជឿជាក់ជាបន្តបន្ទាប់ ដើម្បីទទួលបានការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមដោយមិនមានការបង្ខិតបង្ខំ»។

ឯកឧត្តមប្រធានបានបន្តថា «សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងបន្តចូលរួមក្នុងបេសកកម្ម ដើម្បីផ្សព្វផ្សាយពីគុណតម្លៃនៃសុខសន្តិភាព ព្រោះសន្តិភាពពិបាកទទួលបានណាស់ ប៉ុន្តែសុខសន្តិភាពនេះងាយនឹងត្រូវបានបង់ក្នុងពេលតែមួយរំពេចប៉ុណ្ណោះ»។

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun Many, សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia