ក្រសួងទេសចរណ៍ រំពឹងថាសហគមន៍កសិកម្មមួយចំនួន នឹងក្លាយជាកសិ-ទេសចរណ៍នាពេលអនាគត
តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព និងវិស័យទេសចរណ៍គឺជាមាសបៃតង។ ស្របជាមួយគ្នានេះ ក្រសួងទេសចរណ៍បាននឹងកំពុងអនុវត្តជាសកម្ម ក្នុងគោលបំណងចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ដែលកំពុងមានការកើនឡើង ដោយឈរលើសក្ដានុពលដែលមានស្រាប់ ក្រោមរូបភាព សក្ដានុពលទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដែលស្ថិតក្រោមវិស័យកសិកម្ម និងដែនសមត្ថកិច្ចរបស់ក្រសួង។ នេះបើយោងតាមប្រសាសន៍លើកឡើងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសផ្សព្វផ្សាយសមាសភាពគណកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។
គោលបំណងនៃការប្រើប្រាស់សហគមន៍កសិកម្មសម្រាប់បង្កើតមុខរបរថ្មីមួយដែលហៅថា កសិ-ទេសចរណ៍ គឺដើម្បីផ្ដល់ឱកាសឱ្យអ្នកទេសចរណ៍ក្នុងស្រុក និងបរទេស បានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម។
ដោយឡែកបច្ចុប្បន្ននេះ យើងមាន១៣១ សហគមន៍ដែលមានសក្ដានុពលអាចបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិបាន ក្នុងចំណោមសហគមន៍៥១៦ ដែលយើងមាន ក្នុងនោះ២៧សហគមន៍បាននឹងកំពុងដំណើរការទេសចរណ៍ធម្មជាតិ នៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។ ដោយឡែកសហគមន៍ព្រៃឈើដែលត្រូវបានបង្កើតឡើងសរុបចំនួន៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣សហគមន៍ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្ដោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។
យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីសុឆន្ទៈក្នុងការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្ម ទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ស្របតាមអភិក្រម «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Sakhon Veng, ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia