មីយ៉ាន់ម៉ា បដិសេធមេដឹកនាំកម្ពុជាចំពោះសំណើមិនឱ្យប្រហារជីវិតសកម្មជន

កាលពីថ្ងៃសុក្រកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច  ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកឧត្តមសេនីយ៍ Min Aung Hlaing ប្រមុខរបបយោធា ដោយស្នើឱ្យលោកពិចារណាឡើងវិញ ពីការប្រហារជីវិតសមាជិកសភាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោក Ko Phyo Zeya Thaw និងសកម្មជនប្រជាធិបតេយ្យជើងចាស់ Ko Jimmy ។ 

សម្ដេច ហ៊ុន សែន បានថ្លែងថា ការប្រហារជីវិតដែលស្នើឡើងនេះកំពុងធ្វើឱ្យកើតមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូ ខាងក្រៅរបស់ខ្លួន។ នៅក្នុងលិខិតផ្ញើជូនលោក Min Aung Hlaing សម្ដេច ហ៊ុន សែន បានលើកឡើងថា ប្រសិនបើមីយ៉ាន់ម៉ា អនុវត្តតាមគម្រោងដែលនឹងត្រូវប្រហារជីវិតនេះ នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំង និងរីករាលដាលពីសហគមន៍អន្តរជាតិ ខណៈពេលដែលមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីវិញ។

ឧត្តមសេនីយ៍ Min Aung Hlaing

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះក្រសួងការបរទេសរបស់របបយោធាមីយ៉ាន់ម៉ា បានឆ្លើយតបមកកម្ពុជាជាមួយនឹងការពន្យល់តាមផ្លូវច្បាប់អំពីមូលហេតុដែលការកាត់ទោសប្រហារជីវិតត្រូវតែអនុវត្ត ក៏ដូចជាការរៀបរាប់លម្អិតអំពីឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ចំពោះ សកម្មជនប្រជាធិបតេយ្យទាំងពីររូបនេះ។

កម្ពុជាជាប្រធានអាស៊ានបច្ចុប្បន្ន ហើយមីយ៉ាន់ម៉ាជាសមាជិកនៃប្លុកនេះ បើទោះបីជាប្រទេសមីយ៉ាន់ម៉ាត្រូវបានគេដកចេញពីកិច្ចប្រជុំ ដោយសារការមិនគោរពតាម ផែនការរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិក្នុងប្រទេសក៏ដោយ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពស្និទ្ធស្នាលជាមួយលោក Min Aung Hlaing ហើយជានាយករដ្ឋមន្ត្រីបរទេសតែមួយគត់ដែលបានជួបប្រមុខរបបយោធាដោយផ្ទាល់ ខណៈអ្នកផ្សេងទៀត ឬសូម្បីតែសមាជិកអាស៊ានមួយចំនួនបានគេចចេញពីមេដឹកនាំរដ្ឋប្រហារមួយរូបនេះដែរ។

គួរបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតទៅលើ Ko Phyo Zeya Thaw និង Ko Jimmy កាលពីខែមករា លើបទចោទប្រកាន់ភេរវកម្ម បន្ទាប់ពីបានចោទប្រកាន់ពួកគេថាជាមេក្លោងការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបនៅទីក្រុងយ៉ាំងហ្គោន។ ដោយឡែក ប្រសិន បើការព្យួរកត្រូវបានគេធ្វើឡើង នោះនឹងក្លាយជាការប្រហារជីវិតលើកដំបូងក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ១៩៧៦មក។ សហគមន៍អន្តរជាតិបានថ្កោលទោសការប្រហារជីវិតដែលបានស្នើឡើងរួចហើយ។  អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខរបស់មនុស្ស ដោយយោងទៅលើច្បាប់ ដែលបានប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។  ស្ថានទូតបារាំងនៅទីក្រុងយ៉ាំងហ្គោនក៏បានបរិហារផែនការដោយហៅរបបយោធា ថាជារដ្ឋាភិបាលយោធាខុសច្បាប់ ហើយជាការគំរាមកំហែងទំនាក់ទំនងទ្វេភាគី៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព: Irrawaddy