សម្ដេច ហ៊ុន សែន «សូមកុំឱ្យការបោះឆ្នោតមួយ ក្លាយទៅជាការបែកបាក់ជាតិ»


នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ​ សម្ដេច តេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១  និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់លាននាក់ នៅរាជធានីភ្នំពេញ។ 

ឆ្លៀតក្នុងឱកាសនេះ សម្ដេចបានមានប្រសាសន៍លើកឡើងពីបញ្ហាដ៏សំខាន់មួយ គឺការបោះឆ្នោតដែលទើបកន្លងទៅនាពេលថ្មីៗនេះ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត ដែលដំណើរការយ៉ាងរលូន ពុំមានបញ្ហាដោយហិង្សាណាមួយបានកើតឡើងនោះឡើង ទាំងអំឡុងពេលការឃោសនាបោះឆ្នោត  ព្រមទាំងពេលដំណើរការបោះឆ្នោត។ សម្ដេច បានថ្លែងអំណរគុណចំពោះពលរដ្ឋដែលបានចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនោះមានន័យថា ប្រជាជនបានបោះឆ្នោតជ្រើសរើស សន្តិភាព និងការអភិវឌ្ឍ ដែលជាមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចបានហៅសមិទ្ធផលទាំងនេះថា ជាការបង្ហាញភាពចាស់ទុំខាងនយោបាយនៃដំណើរការប្រជាធិបតេយ្យជាទៀងទាត់របស់កម្ពុជា។

«ខ្ញុំមិនខ្វល់ថា អ្នកមកពីគណបក្សណាមួយឡើយ សូមរួមគ្នាធ្វើការ​ ហើយប្រឆាំងកូវីដ-១៩ទាំងអស់គ្នា។ សមាជិក សមាជិកា មកពីគណបក្សនយោបាយនានាជាង២ពាន់នាក់ បានមករួមធ្វើការជាមួយសមាជិកសមាជិកានៃគណបក្សប្រជាជនកកម្ពុជានៅថ្នាក់ឃុំសង្កាត់ គោលបំណងរួមគ្នារបស់យើង គឺការរក្សាសន្តិភាព និងស្ថេរភាពនយោបាយ។ ដូចនេះ សូមកុំឱ្យការបោះឆ្នោតមួយ ក្លាយទៅជាការបែកបាក់ជាតិ»។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា។

បញ្ហាមួយវិញទៀត ដែលសម្ដេចបានលើកឡើង គឺបញ្ហាជំងឺឆ្លង។ ពិតណាស់ បញ្ហាជំងឺឆ្លង​នៅតែជាបញ្ហាដែលយើងត្រូវតាមដាន និងមិនអាចបំភ្លេចចោលបានទេ បើទោះបីជាស្ថានភាពបានធូរស្រាលយ៉ាងណាក៏ដោយ ព្រោះយើងមិនអាចវាយតម្លៃបានថា កូវីដ-១៩ នឹងត្រូវបញ្ចប់នៅពេលណានោះឡើយ។ សម្ដេចបានបន្តអំពាវនាវឱ្យពលរដ្ឋយើងទាំងអស់ត្រូវបន្តការទទួលយកវ៉ាក់សាំងជាបន្តបន្ទាប់ដោយពុំមានការគិតថវិកាពីបងប្អូនប្រជាពលរដ្ឋទេ។ វ៉ាក់សាំងនៅកម្ពុជា មិនមែនជាវ៉ាក់សាំងរើសអើងបក្សនយោបាយ សាសនា ឬជាវ៉ាក់សាំងពណ៌សម្បុរនយោបាយនោះឡើយ។ សម្ដេចបានបញ្ជាក់ថា «កុំថាឡើយដូសទី៥ ទោះបីដល់ដូសទី២០ ក៏យើងមិនយកលុយដែរ»។

ដោយឡែក សម្ដេចក៏បានផ្ញើសារនយោបាយមួយដល់ជនរួមជាតិគឺ ពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនទទួលយកបញ្ហាសេដ្ឋកិច្ចថមថយ​ ដែលផ្ដើមចេញពីវិបត្តិកូវីដ-១៩ផង ក៏ដូចជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានដាក់បន្ទុកលើប្រទេសនានាលើពិភពលោក បង្កើតឱ្យមានវិបត្តិថាមពលដូចជាបញ្ហាប្រេងសាំងជាដើម​មានការឡើងតម្លៃខ្ពស់។ ជាមួយគ្នានេះ វិបត្តិស្បៀងនឹងមកដល់ពេលខាងមុខផងដែរ បើសង្រ្គាមនៅតែបន្ត។ នោះជាពេលដែលវិបត្តិថាមពល និងវិបត្តិស្បៀងត្រូវដើរទន្ទឹមគ្នា។ យ៉ាងណាមិញ សម្ដេចបានស្នើឱ្យពលរដ្ឋត្រូវរួមគ្នារក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាតម្លៃប្រាក់រៀល ទប់ស្កាត់អតិផរណា និងសន្សំសំចៃឱ្យបានខ្ពស់ ដើម្បីទប់ទល់នឹងសភាពការណ៍ដែលនឹងត្រូវប្រឈមនេះ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister