សម្ដេច ហ៊ុន សែន «ដល់ពេលហើយដែលយើងត្រូវចេញមុខ ដើម្បីរារាំងការគំរាមកំហែងពីពួកអាសិរពិស»


នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេច តេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាម៉េរិក និងខ្មែរ នៅកាណាដា ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមធ្វើជាសហប្រធានជាមួយនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ និងបានលើកឡើងពីស្ថានភាពកម្ពុជានាពេលកន្លងមក ក៏ដូចជាបញ្ហាមួយចំនួនរបស់បងប្អូនខ្មែរយើងនៅសហរដ្ឋអាម៉េរិកផងដែរ។ ក្នុងនោះសម្ដេចបានពន្លេចឡើងពី បញ្ហាសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាលើទឹកដីអាម៉េរិក។ កន្លងមកមានការលើកឡើងថា ប្រជាពលរដ្ឋខ្មែររូបណាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន អាម៉េរិកនឹងដកសញ្ជាតិ  ហើយបញ្ជូនទៅប្រទេសវិញ។ បញ្ហានេះ ជារឿងមិននឹកស្មានមួយ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងទទួលរងនូវការគំរាមកំហែងលើទឹកដីបិតាប្រជាធិបតេយ្យបែបនេះ។

«តើនេះជាការគំរាមកំហែងមួយទេ ចំពោះពលរដ្ឋកម្ពុជាដែលរស់នៅអាម៉េរិក?»។ «ខ្ញុំសូមអំពាវនាវចំពោះរដ្ឋាភិបាលអាម៉េរិក ឱ្យការពារជនរួមជាតិរបស់យើងខ្ញុំកុំឱ្យមានការគំរាមកំហែង»   នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ សម្ដេចបានបញ្ជាក់ថា  សម្ដេចមានកាតព្វកិច្ចដើម្បីការពារជនរួមជាតិនៅក្រៅប្រទេសទាំងអស់ ​ដូច្នេះដល់ពេលហើយដែលបងប្អូនយើងងើបឈរឡើង ដើម្បីការពារសេរីភាពរបស់ខ្លួនលើទឹកដីនេះ។

ជាមួយគ្នានេះដែរ សម្ដេចក៏បានស្នើដល់ក្រសួងការបរទេ​ស សហការជាមួយក្រសួងមហាផ្ទៃរកនិតិវិធីយ៉ាងណា ដើម្បីឱ្យបងប្អូនខ្មែរយើងនៅបរទេស មានលទ្ធភាពធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន។ ទន្ទឹមនឹងនេះ ចំពោះការទាមទារសិទ្ធិបោះឆ្នោត ​សម្ដេចបានបញ្ជាក់ថា​​ ទោះបីមានអត្តសញ្ញាប័ណ្ណ ក៏ប្រជាពលរដ្ឋអាចបោះឆ្នោតបានតែក្នុងប្រទេសតែប៉ុណ្ណោះ គឺច្បាប់បោះឆ្នោតកម្ពុជាមិនតម្រូវឱ្យមានការបោះឆ្នោតតាមប្រៃសនីយ៍នោះឡើយ។

យ៉ាងណាមិញ មានមេដឹកនាំបក្សមួយចំនួនបានលើកឡើងថា ប្រសិនបើគណបក្សគេឈ្នះឆ្នោត គេនឹងផ្ដល់សិទ្ធិឱ្យពលរដ្ឋបោះឆ្នោតពីក្រៅប្រទេសបាន។ ឆ្លើយតបទៅនឹងការលើកឡើងនេះ សម្ដេចបានចោទជាសំណួរថា តើអាចទៅរួចដោយរបៀបណា បើសូម្បីតែអាម៉េរិកធ្វើរឿងនេះមិនបានផង?សម្ដេចរំលឹកឡើងវិញពីបញ្ហាជាក់ស្ដែងទាក់ទងនឹងការបោះឆ្នោតតាមប្រៃសនីយ៍នេះ ពោលគឺ ភាពមិនប្រក្រតីនៃសន្លឹកឆ្នោតរវាងប្រធានាធិបតី ដូណាល់ត្រាំ និង ចូបៃឌិន គឺផ្ដើមពីការបោះឆ្នោតតាមប្រៃសនីយ៍។ ដូចនេះ ចំពោះកម្ពុជា គឺមិនអនុញ្ញាតឱ្យមានបញ្ហានេះកើតឡើងបានឡើយ៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen Cambodian Prime Minister