«ព្រះរាជទាន ពីព្រះមហាក្សត្រគឺជាការឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់ឥស្សរជនត្រកូល ហ៊ុន គ្រប់ជំនាន់»
ឯកឧត្តម ហ៊ុន ណេង គឺជាអ្នកដែលមានស្នាដៃយ៉ាងសំខាន់មួយរូបក្នុងការធ្វើបាតុកម្មប្រឆាំងនឹងពួកធ្វើរដ្ឋប្រហារ ហើយទាមទារប្រគល់តំណែងថ្វាយសម្ដេចឪកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបុព្វហេតុជាតិមាតុភូមិ។ ក្រោយមរណភាពរបស់ឥស្សរជនរូបនេះ ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្ដល់នូវគោរមងារជូនដល់ឯកឧត្តម ហ៊ុន ណេង ជាសម្ដេចឧត្តម ទេពញាណ ហ៊ុន ណេង។
ស្ថិតក្នុងបរិយាកាសនៃការបាត់បង់ដ៏ធំធេងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្ដែងនូវក្ដីអាឡោះអាល័យក្រៃលែង ដោយបានលើកឡើងថា «ត្រកូល ហ៊ុន យើងគ្រប់ជំនាន់ តាំងពីជីដូនជីតា ឪពុកម្ដាយយើង រហូតដល់យើង មានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយម។ ប្អូនជឿជាក់ថា កូនចៅយើងទាំងអស់នឹងដើរតាមផ្លូវ ដែលយើងបានដើរកន្លងមក ដោយធានាដល់កិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្គដោយស្មោះត្រង់»។ ការបាត់បង់សម្ដេច ទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលមានស្នាដៃក្នុងការកសាងជាតិ និងដែលជាទីគោរពស្រឡាញ់ពីសំណាក់ពលរដ្ឋ និងមន្ត្រីក្រោមឱវាទ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្វាយនូវការអរព្រះគុណចំពោះព្រះបាទបរមនាថនរោត្តមសីហមុនី និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហមុនី ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដែលបានសព្វព្រះរាជហឫទ័យប្រទាននូវគោរមងារនេះ ជូនដល់ សម្ដេចទេពញាណ ហ៊ុន ណេង។ ឯកឧត្តម បានលើកឡើងថា ព្រះរាជទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្ដេចទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួមនៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករេ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា នៃអង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ថ្នាក់ដឹកនាំ ឥស្សរជន និងតំណាងរបស់បណ្តាគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គទូតនៃបណ្តាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ដែលបាន និងកំពុងបន្តផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ជាមួយក្រុមគ្រួសារនៃសពផងដែរ៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Hun Sen Cambodian Prime minister, Hun many, ក្រុមការងារផ្សព្វផ្សាយឯកឧត្តម ហ៊ុន ម៉ានី