|

មជ្ឈដ្ឋានអន្តរជាតិលើកឡើងថា៖ ការសម្រេចចិត្តដ៏ឆាប់រហ័សរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការតែងតាំងកូនប្រុសលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំបន្ទាប់របស់កម្ពុជា គឺជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវមួយ ដើម្បីបង្កើតរូបភាពថ្មីសម្រាប់ប្រទេសដែលធ្លាប់ហែកហួរដោយសង្រ្គាម


សម្រាប់អនាគតមេដឹកនាំវ័យក្មេងរូបនេះ ត្រូវបានគេសម្លឹងមើលឃើញថា នឹងនាំមកនូវភាពវិជ្ជមាន ជំនួសឱ្យកំហុសឆ្គងនៃការចងចាំដែលជាប់ទាក់ទងជាមួយអ្នកដឹកនាំមុន។ គួរកត់សំគាល់ផងដែរថា វាជាលើកទីមួយក្នុង ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រខ្មែរ ដែលមានការផ្លាស់ប្តូរការដឹកនាំដោយសន្តិវិធី។

រហូតមកដល់ពេលនេះ ពិភពលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តែងបង្ហាញទស្សនៈអវិជ្ជមានលើការគ្រប់គ្រងរបស់មេដឹកនាំបច្ចុប្បន្ន។ យ៉ាងណាមិញ នៅប៉ុន្មានខែខាងមុខ ប្រាកដជានឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងវោហាសាស្ត្រលោកខាងលិចអំពីប្រទេសកម្ពុជា និងរបៀបដឹកនាំរបស់ប្រទេស។ កម្ពុជាធ្លាប់ជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក។ ឥឡូវនេះប្រទេសដែលមានប្រជាជនចំនួន ១៣លាននាក់កំពុងរីកចម្រើនយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមក។ ភ្នំពេញលែងដាច់ពីសហគមន៍អន្តរជាតិដូចកាលពីសាមសិបឆ្នាំមុន ។ ទន្ទឹមនឹងនេះក្នុងបរិបទអាស៊ាន កម្ពុជាក៏ត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំនោមសមាជិកសេរីដែលមានសង្គមថាមវន្ត។

ខណៈពេលដែលកំណត់ត្រាសិទ្ធិមនុស្សរបស់ឪពុករបស់លោក ម៉ាណែត ត្រូវបានត្រួតពិនិត្យ អ្នកបោះឆ្នោតក្នុងស្រុកនៅតែគាំទ្រគាត់ និងបន្តការគាំទ្រលើគណបក្សប្រជាជនកម្ពុជា។ ចំនួនអ្នកទៅបោះឆ្នោតជិត ៨៥% នេះ គឺជាតួរលេខដ៏គួរអោយចាប់អារម្មណ៍សម្រាប់ការបោះឆ្នោតលើកទី៧ ចាប់តាំងពីឆ្នាំ ១៩៩៣មក។ ទោះបីជាលោក ហ៊ុន សែន ចុះចេញពីតំណែងក៏ដោយលោកនឹងនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនិងមើលការខុសត្រូវលើការអភិវឌ្ឍប្រទេសជារួម។ គាត់នៅតែជាអ្នកដឹកនាំដ៏មានប្រជាប្រិយភាពមួយរូប ក្នុងនាមជាអ្នកដែល បាននាំមកនូវសន្តិភាពនិងស្ថិរភាពដល់ប្រទេសកម្ពុជា ។

ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទាំងកត្តានយោបាយ និងសេដ្ឋកិច្ចបានធ្វើឱ្យគាត់ទទួលបានភាពជឿជាក់ និងកិត្តិយសបំផុត បើទោះជាពេលខ្លះលោកបានប្រើវិធានការដ៏តឹងតែងចំពោះគូប្រជែងនយោបាយរបស់គាត់ក៏ដោយ។ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ លោក ហ៊ុន ម៉ាណែត នឹងត្រូវបង្ហាញខ្លួនជាពិសេសក្នុងរយៈពេល១០០ថ្ងៃដំបូងអំពីសមត្ថភាពគ្រប់គ្រងរបស់លោក។ ក្នុងចំណោមអាទិភាពកំពូលៗនៃការដឹកនាំ គឺការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរកាត់បន្ថយអត្រានៃភាពក្រីក្រ។ លើសពីនេះលោកត្រូវតែធ្វើឲ្យ ប្រទេសរបស់លោកក្លាយជាមជ្ឈមណ្ឌលអន្តរជាតិនៃការវិនិយោគបរទេសដែលមានភាពចម្រុះ និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត។ ក្រោយមកលោកនឹងត្រូវអនុវត្តកំណែទម្រង់ស្ថាប័នស៊ីជម្រៅមួយចំនួនដែលទទួលមរតកពីរដ្ឋបាលមុនៗ។

ទោះជាយ៉ាងនេះក្តី ចំពោះកិច្ចសហប្រតិបត្តិការ និងការយល់ឃើញរបស់អន្តរជាតិមានការព្រួយបារម្ភ នាយករដ្ឋមន្ត្រីថ្មីរូបនេះទំនងជាប្រឈមមុខនឹងបញ្ហាដ៏ធំមួយ។ គាត់ត្រូវតែលើកកម្ពស់សង្គមសេរី និងបើកចំហនៅកម្ពុជា តាមវិធីជាក់ស្តែង ដោយមជ្ឈដ្ឋានអន្តរជាតិមើលឃើញថា កម្ពុជានៅតែត្រូវការជំនួយបរទេសពីប្រទេសដែលកំណត់ស្តង់ដារអភិបាលកិច្ច និងនីតិរដ្ឋខ្ពស់។

លោក ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ ជាយុវជនដែលមានចំណេះដឹងផ្នែកយោធា និងលទ្ធិសេដ្ឋកិច្ចលោកខាងលិច។ វានឹងមានប្រយោជន៍នៅពេលដែលគាត់ពិតជាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ ក្នុងនាមជាកម្មាភិបាលវ័យក្មេងលោកបានបង្ហាញការចាប់អារម្មណ៍លើកិច្ចការ តំបន់ និងអន្តរជាតិ។ នៅក្នុងសុន្ទរកថាមួយក្នុងឆ្នាំ២០០៥ ស្តីពីអាស៊ាន និងតួនាទីជាសាកលរបស់ខ្លួន លោក ហ៊ុន ម៉ាណែត មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមើលឃើញការបង្កើត និងប្រតិបត្តិការរួមគ្នានៃកងកម្លាំងរក្សាសន្តិភាពអាស៊ាននាពេលអនាគត។ នៅក្នុងការអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បន្ទាប់ពីជ័យជំនះនៃការបោះឆ្នោតរបស់គណបក្ស Move Forward របស់ប្រទេសថៃ លោក ហ៊ុន សែន គឺជាមេដឹកនាំតែមួយគត់ដែលបញ្ចេញមតិលើអាកប្បកិរិយារបស់ គណបក្ស Move Forward។

ជាការពិត គោលបំណងមួយនៃការតែងតាំងកូនប្រុសរបស់គាត់ឱ្យបានលឿន ក៏អាចកើតចេញពីការចង់ឱ្យប្រទេសកម្ពុជាមានមេដឹកនាំវ័យក្មេងផងដែរ។ ដើមឡើយ ហ៊ុន សែន គ្រោងនឹងតែងតាំងកូនប្រុសរបស់គាត់នៅឆ្នាំក្រោយ។ ប៉ុន្តែឥឡូវភារកិច្ចនេះត្រូវបានបញ្ជូនទៅឲ្យ លោក ហ៊ុន ម៉ាណែត មុនពេលកំណត់ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិរបស់កម្ពុជា និងអនុវត្តតាមបទដ្ឋានតាមតំបន់ និងអន្តរជាតិ។

ក្នុងនាមជាមេដឹកនាំវ័យក្មេងបំផុតក្នុងអាស៊ាន ចាប់ផ្តើមដំបូង លោក ហ៊ុន ម៉ាណែត នឹងស្ថិតក្នុងរបៀបស្តាប់ ដោយព្យាយាមស្រូបយកមេរៀនពីព្រឹទ្ធាចារ្យអាស៊ាន ជាពិសេសឪពុករបស់គាត់។ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអាស៊ាន និងការចូលរួមយ៉ាងសកម្មក្នុងទំនាក់ទំនងការទូតសេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជន ជាពិសេសជាមួយយុវជន អាចជាកម្លាំងតែមួយគត់របស់គាត់។ ឥឡូវនេះ កម្ពុជាអាចបង្ហាញសហគមន៍អន្តរជាតិថាតើការផ្លាស់ប្តូរបែបណាដែលគាត់អាចនាំមក ដើម្បីបង្កើតរូបភាពថ្មី ស្រស់ស្រាយ និងគួរឱ្យគោរពសម្រាប់កម្ពុជា។

ប្រភព: THAI PBS WORLD