ម៉ាឡេស៊ី ចង់ឈ្វែងយល់ និងរៀនសូត្រពីការគ្រប់គ្រងរមណីយដ្ឋានអង្គររបស់កម្ពុជា


ដោយ៖ ផាត់​ គឹមឆែ

ថ្មីៗនេះ រមណីយដ្ឋានអង្គរ ត្រូវបានរៀបចំយ៉ាងល្អប្រណីតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំង ទាក់ទាញបានភ្ញៀវទេសរចណ៍ទាំងជាតិ និងអន្តរជាតិ​ចូលមកទស្សនាកំសាន្ត ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំសកលកន្លងទៅថ្មីៗនេះ ដោយអង្គរវត្ត ក៏ដូចជាខេត្តសៀមរាបទាំងមូល ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បន្ទាប់ពីរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ដោយសារភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរ បានធ្វើឱ្យប្រទេសដទៃទៀត ក្នុងនោះមានប្រទេសម៉ាឡេស៊ី ចាប់អារម្មណ៍ ចង់ឈ្វែងយល់ពីការងារអភិរក្សប្រាសាទ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា​ និងជម្រាបពីគោលបំណងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី មកកាន់កម្ពុជានៅពេលខាងមុខ។

តាមការបញ្ជាក់របស់ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​ នៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ​ ឯកឧត្តមរដ្ឋមន្រ្តីក៏មានបំណង ដើម្បីចង់ឈ្វែងយល់ការងារអភិរក្សប្រាសាទ ការងារមួយចំនួននៅតាមការដ្ឋាន និងការងារគ្រប់គ្រងក្នុងរមណីយដ្ឋានអង្គរ ក្នុងអំឡងពេលមកបំពេញការងារផ្លូវការនៅខេត្តសៀមរាបនាពេលឆាប់ៗនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឡុង កុសល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគម្រោងដំណើរទស្សនកិច្ចនេះ​ នឹងបញ្ជាក់ថា អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ទៅភាគី ម៉ាឡេស៊ី គ្រប់ពេលវេលា។

គួរបញ្ជាក់ថា ម៉ាឡេស៊ី និងកម្ពុជា ក៏ជាដៃគូដ៏ល្អក្នុងភាពជាមិត្ត​ និងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ក្នុងនោះមានវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង(ICT)ដែលកន្លងទៅថ្មីៗនេះ ភាគីទាំងពីរធ្លាប់បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងផែនការអនាគតរបស់ប្រទេសរៀងៗខ្លួន ក្នុងន័យផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងបង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, KHMER TIMES