រដ្ឋាភិបាលចិន បញ្ជូនក្រុមជួយសង្គ្រោះ ទៅកាន់ច្រកព្រំដែន Gyirong ដើម្បីប្រតិបត្តិការជួយអ្នករងគ្រោះ ក្នុងតំបន់ស្វយ័តទីបេ


ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន និងរដ្ឋបាលជាតិស្វែងរក និងជួយសង្គ្រោះអគ្គិភ័យរបស់ចិន បានបញ្ជូន ក្រុមស្វែងរក និងជួយសង្គ្រោះ (China Search and Rescue Team) ទៅពង្រឹងប្រតិបត្តិការជួយសង្គ្រោះនៅ ច្រកព្រំដែន Gyirong ក្នុងតំបន់ស្វយ័តទីបេ (Xizang) បន្ទាប់ពីតំបន់នេះ រងផលប៉ះពាល់ពីទឹកជំនន់ដ៏ក្លាំងក្លាភ្លាមៗ និងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរ។

ក្រុមសង្គ្រោះនេះ មានសមាជិកជាអ្នកជំនាញមកពីទីក្រុងប៉េកាំង និងខេត្ត Sichuan ដោយបាននាំយកឧបករណ៍ឯកទេស សម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងមានបទពិសោធន៍យ៉ាងស្ទាត់ជំនាញ ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយ និងស្ថានការណ៍អាសន្នធំៗ។

ដោយឡែក ការបញ្ជូនក្រុមជំនាញនេះ ធ្វើឡើងដើម្បីបង្កើនប្រតិបត្តិការសង្គ្រោះនៅតំបន់ Gyirong ក្នុងការស្វែងរកមនុស្សដែលអាចនៅជាប់ក្រោមកម្ទេចកម្ទី រួមទាំងជាការផ្តល់ជំនួយដល់អ្នករងផលប៉ះពាល់ពីគ្រោះមហន្តរាយនេះ។

ទន្ទឹមនេះ អាជ្ញាធរចិន កំពុងបន្តពង្រឹងការជួយសង្គ្រោះ និងតាមដានស្ថានភាពនៅតំបន់ព្រំដែនចិន-នេប៉ាល់ ខណៈមានការព្រមានឱ្យក្រុមការងារប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃគ្រោះមហន្តរាយ ដែលអាចរងទឹកជំនន់លើកទី២បន្ថែមទៀត។

ប្រភព៖ China Daily