មនុស្សយន្ត Tiangong របស់ចិន រត់លឿនដល់ ១០០ម៉ែត្រ ត្រឹមតែ ៨,៨៦វិនាទី បំបែកកំណត់ត្រាពិភពលោករបស់កីឡាកររត់ប្រណាំង Usain Bolt
ចិន៖ មនុស្សយន្តរាងមនុស្ស Tiangong Ultra របស់ចិន បានបង្កើតសមិទ្ធផលគួរឱ្យចាប់អារម្មណ៍មួយ ដោយរត់ក្នុងរយៈចម្ងាយ ១០០ម៉ែត្រ/ ៨,៨៦វិនាទី នៅក្នុងការប្រកួត World Humanoid Robot Games ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។


លទ្ធផលនេះ បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ Tiangong Ultra ដែលធ្លាប់កត់ត្រាបាន ៩,៣៩វិនាទី នៅថ្ងៃបើកការប្រកួត ហើយថែមទាំងលឿនជាងកំណត់ត្រាពិភពលោករបស់កីឡាកររត់ប្រណាំងជនជាតិហ្សាម៉ាអ៊ីក Usain Bolt ដែលរត់ ១០០ម៉ែត្រក្នុងរយៈពេល ៩,៥៨វិនាទី កាលពីឆ្នាំ២០០៩។
មនុស្សយន្ត Tiangong Ultra ត្រូវបានអភិវឌ្ឍដោយ Beijing Humanoid Robot Innovation Center និងសម្រេចបានលទ្ធផល ៨,៨៦វិនាទី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃវិញ្ញាសារត់ ១០០ម៉ែត្រ សម្រាប់ក្រុមមនុស្សយន្តទំហំធំ។
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសមត្ថភាពមនុស្សយន្តនេះ បានក្លាយជាចំណុចទាក់ទាញសំខាន់មួយនៃការប្រកួតឆ្នាំនេះ។ នេះជាព្រឹត្តិការណ៍លើកទី២ហើយ ដែលមានមនុស្សយន្តជាង ២,០០០គ្រឿង មកពី ៦៦៦ក្រុម ចូលរួមប្រកួតក្នុងវិញ្ញាសាចំនួន ៥១ រួមមាន បាល់ទាត់ រាំ និងការងារឧស្សាហកម្មជាដើម។
គួរឱ្យចាប់អារម្មណ៍ដែរថា ក្រៅពីវិញ្ញាសា ១០០ម៉ែត្រ មជ្ឈមណ្ឌលអភិវឌ្ឍមនុស្សយន្តមនុស្សរាងកាយដូចមនុស្សនៅទីក្រុងប៉េកាំង បានឱ្យដឹងថា មនុស្សយន្ត Tiangong ក៏បានបំបែកកំណត់ត្រាពិភពលោកមនុស្សចំនួន ៤ផ្សេងទៀត រួមមាន ៤០០ម៉ែត្រ ក្នុង ៣៨,១៥វិនាទី, ១,៥០០ម៉ែត្រ ក្នុង ២នាទី ២១,៦៤វិនាទី និងលោតកម្ពស់ ២,៨៨ម៉ែត្រ។
គួរឱ្យដឹងផងដែរថា ចិនបានកំណត់មនុស្សយន្តរាងមនុស្សជាឧស្សាហកម្មយុទ្ធសាស្ត្រ ដែលកំពុងតែរីកចម្រើនខ្លាំងជាបន្តបន្ទាប់ ដោយក្រុមហ៊ុន និងអ្នករៀបចំគោលនយោបាយរបស់ប្រទេសនេះ ក៏បាននឹងកំពុងព្យាយាមយកសមិទ្ធផលថ្មីៗក្នុងវិស័យបញ្ញាសិប្បនិម្មិត ម៉ូទ័រ និងឧបករណ៍ចាប់សញ្ញា ទៅប្រើប្រាស់ក្នុងវិស័យផលិតកម្ម ភស្តុភារ និងសេវាកម្មជាដើម។
ប្រភព៖ Reuters












