|

អភិបាលរងរាជធានីភ្នំពេញសម្ដែងការកោតសរសើរចំពោះការរីកចម្រើននៃវិស័យបាល់ទាត់នៅកម្ពុជា


ដោយ៖ ផាត់ គឹមឆែ

មិត្តហ្វូនខេមបូឌាលីគ គឺជាលីគបាល់ទាត់ដ៏ធំក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នួន ផារ័ត្នតំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញបានចូលរួមពិធីប្រគល់ពានរង្វាន់ និងបំពាក់មេដាយដល់ក្រុមជើង​ឯក ពានរង្វាន់ខេមបូឌាលីគ ឆ្នាំ២០២១នៅកីឡាដ្ឋាន ស្មាត អ.អេស.អិន ល្ងាចនេះ។ ម្ចាស់ជើងឯកនៅរដូវកាលមុនគឺក្លិបបឹងកេត ដោយឡែកនៅរដូវកាលនេះ នៃពានរង្វាន់មិត្តហ្វូន ខេមបូឌានលីគ បានទៅលើក្លិបភ្នំពេញក្រោន ក្នុងលទ្ធផល១ទល់នឹង០ជាមួយក្លិបបឹងកេត។

នាឱកាសនេះ ក៏មានការអញ្ជើញជាអធិបតី របស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់នៅកម្ពុជា ប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់ដល់ម្ចាស់ជើង​ឯក នូវប្រាក់រង្វាន់១៥០លានរៀល។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ​​ក៏បានសម្ដែងក្ដីសាទរចំពោះលទ្ធផលនេះ រួមទាំងការរីកចម្រើនជារួមនៃវិស័យកីឡានៅកម្ពុជាផងដែរ។ របស់ឯកឧត្តម នួន ផារ័ត្នបានលើកឡើងថា៖

«វិស័យកីឡានៅកម្ពុជា ពិតជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀតដូចជា ឯកឧត្តម ឌី វិជ្ជា ប្រធានគណកម្មការនាយកនៃគណកម្មការប្រកួតបាល់ទាត់កម្ពុជា និងការចូលរួមចំណែកដ៏មិនអាចខ្វះបានរបស់វិសួយឯកជន។ រដ្ឋបាលរាជធានីភ្នំពេញ សូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាប្រកបដោយមោទកភាពនេះ។»

គួរបញ្ជាក់ថាកន្លងមក អភិបាលរាជធានី មិនត្រឹមតែដបានយកចិត្តទុកដាក់ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ អភិបាលនៃគណៈអភិបាលរាជធានី ក៏បានចូលរួមចំណែកក្នុងការជំរុញដល់ការអភិវឌ្ឍ និងដំណើរឆ្ពោះទៅមុខនៃវិស័យកីឡាបាត់ទាត់នៅកម្ពុជាផងដែរ។ រយៈពេលចុងក្រោយនេះ វិស័យបាល់ទាត់នៅកម្ពុជាហាក់មានសម្ទុះរីកចម្រើន ក៏ដូចជាបង្ហាញមុខលើសមរភូមិវាលស្មៅនៅបរទេសជាញឹកញាប់៕

កែសម្រួលដោយ៖ BRANDMEDIA