| |

កម្ពុជា-ថៃ បានព្រមព្រៀងគ្នា ជ្រើសរើសលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ


ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍អំពី វឌ្ឍនភាពនៃយន្តការផ្សះផ្សា ដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។

អ្នកនាំពាក្យ បានគូសបញ្ជាក់ថា តាមរយៈការស្រុះស្រួលគ្នា រវាងអ្នកផ្សះផ្សាទាំង៤រូប ដែលតែងតាំងដោយភាគីកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នាជ្រើសរើសលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាជំហានដ៏សំខាន់មួយក្នុងដំណោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ។

ជាមួយគ្នានេះ កម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានេះ នឹងផ្តល់នូវឱកាសសម្រាប់ការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ន នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាក្នុងបរិបទដែលសន្តិសុខថាមពលកំពុងក្លាយជាក្តីបារម្ភដ៏ធំមួយទាំងក្នុងតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងបន្តផ្តល់ទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS)។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្រាប់ដំណោះស្រាយបញ្ហាព្រំដែនគោក កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំាពួរ ចុះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រមព្រៀងផ្សេងទៀត ដែលភាគីទាំងពីរបានឯកភាពគ្នា។

ជាងនេះទៅទៀត កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយ កម្ពុជាក៏តវ៉ាជំទាស់ គ្រប់ចំណុចទាំងអស់ ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះ គឺដើម្បីបញ្ជាក់ថា បន្លាលួស ទូរកុងតឺន័រ និងសកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀត ក្នុងតំបន់ដែលភាគីថៃកាន់កាប់ដោយខុសច្បាប់មិនមែនជាខ្សែព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ពីព្រោះកម្ពុជានិងថៃមានព្រំដែនអន្តរជាតិ ច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែជាឯកតោភាគីបានឡើយ ៕

ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា