វៀតណាមវ៉ាដាច់ថៃ ក្លាយជាប្រទេសមានគោលដៅអាកាសចរណ៍ធំទី២ នៅអាស៊ីអាគ្នេយ៍ ជាប់គ្នា ២ខែ!


វៀតណាមបានវ៉ាដាច់ថៃ និងក្លាយជាទីផ្សារអាកាសចរណ៍ធំទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាប់គ្នា ២ខែ ខណៈចំនួនកៅអីជើងហោះហើរដែលបានកំណត់ពសម្រាប់ខែសីហា ឆ្នាំ២០២៦ មានប្រមាណ ៧.៣លានកៅអី។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍របស់អង់គ្លេស OAG។

តាមរបាយការណ៍នេះ ឥណ្ឌូនេស៊ី ក៏នៅតែរក្សាតំណែងជាទីផ្សារអាកាសចរណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែសីហា ផងដែរ ដោយមានកៅអីជើងហោះហើរ ដែលអាចផ្គត់ផ្គង់បានប្រមាណ ១១លានកៅអី ខណៈកើនឡើង ៤.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមទីផ្សារអាកាសចរណ៍ធំៗទាំងនេះ វៀតណាមឈរនៅលេខ២ ជាមួយ ៧.៣លានកៅអី ខណៈថៃធ្លាក់មកលេខ៣ ជាមួយប្រមាណ ៧.២លានកៅអី។ បន្ទាប់មកគឺម៉ាឡេស៊ីមាន ៥.៤លានកៅអី និងហ្វីលីពីនមាន ៤.៨លានកៅអី។

តាមរបាយការណ៍ OAG បង្ហាញថា កំណើនសមត្ថភាពជើងហោះហើររបស់វៀតណាមមានល្បឿនលឿនជាងប្រទេសសំខាន់ៗផ្សេងទៀតក្នុងតំបន់។ ដោយសារ សមត្ថភាពជើងហោះហើររបស់វៀតណាមកើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំមុន។ ផ្ទុយទៅវិញ សមត្ថភាពជើងហោះហើររបស់ថៃធ្លាក់ចុះ ១.៧% ម៉ាឡេស៊ីធ្លាក់ចុះ ៦.៥% និងហ្វីលីពីនធ្លាក់ចុះ ៥.៧%។

គួរឲ្យដឹងផងដែរថា ការដែលវៀតណាមបន្តឈរនៅលេខរៀងទី២ ខណៈថៃធ្លាក់មកលេខ៣ ជាប់គ្នា ២ខែ គឺអាចបង្ហាញពីការប្រែប្រួលសេដ្ឋកិច្ច និងសមត្ថភាពផ្គត់ផ្គង់ជើងហោះហើរនៅក្នុងទីផ្សារអាកាសចរណ៍អាស៊ីអាគ្នេយ៍។

ប្រភព៖ Vn Express