ការរៀនផ្សាំខ្លួនរបស់សិស្ស-និស្សិតទៅនឹងបរិបទសិក្សាថ្មី

ដោយ៖ សន ស្រីពេជ្រ

បច្ចុប្បន្ននេះយើងបានដឹងហើយថា ការរីករាលដាលនៃមេរោគបំប្លែងខ្លួនកូវីដ-១៩ បានធ្វើឱ្យគ្រប់បណ្ដាប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរបានចួបប្រទះនូវវិបត្តិសេដ្ឋកិច្ច និងវិបត្តិក្នុងប្រព័ន្ធអប់រំជាខ្លាំង។ ដោយឡែកមួយរយៈថ្មីៗនេះយើងឃើញថា ការឆ្លងនិងរីករាលដាលនៃមេរោគបំប្លែងខ្លួននេះ បានថយចុះជាលំដាប់នៅកម្ពុជា និងចំនួននៃការចាក់វ៉ាក់សាំងរបស់ប្រជាជនកម្ពុជាមានចំនួនច្រើន ទើបក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យបើកដំណើរការប្រព័ន្ធសិក្សាក្នុងថ្នាក់ផ្ទាល់ឡើងវិញ។ មូលហេតុនេះហើយដែលធ្វើឱ្យសិស្ស និស្សិតត្រូវផ្សាំខ្លួនទៅនឹងបរិបទថ្មីឱ្យហើយ ខាងក្រោមនេះជាមតិ និងការចូលរួមពីនិស្សិតក្នុងការទម្លាប់ខ្លួនសិក្សានៅក្នុងថ្នាក់ផ្ទាល់៖

រូបភាព៖ MoEYS Cambodia

យុវនិស្សិត ថន ធារៈ ជានិស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការរៀបរាប់ថា៖ «ការត្រៀមខ្លួនរបស់សិស្ស និស្សិតពេលចូលសិក្សានៅក្នុងថ្នាក់វិញ យើងត្រូវអនុវត្តគោលការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ហើយអាចការពារខ្លួនបន្ថែមតាមរយៈ

យុវនិស្សិត ថន ធារៈ

– ត្រូវមានអាល់កុល ជាប់ខ្លួនជានិច្ច

– ពាក់ម៉ាសគ្រប់ពេលវេលា ជាពិសេសចួបជជែកពិភាក្សា

– ចៀសវាងទម្លាប់ចាស់ ប្តូរមករក្សាគម្លាតក្នុងការចួបជុំពិភាក្សាកិច្ចការនានា

– បើអាចមានសាប៊ូតាមខ្លួន ក៏ល្អសម្រាប់លាងដៃតាមដែលអាចធ្វើទៅបាន

– រាល់ពេលកណ្តាស់ឬក្អក ព្យាយាមបាញ់អាល់កុលសម្លាប់បរិវេណដែលគិតថាសាយភាយចេញពីយើងទៅ …។»

ស្រដៀងគ្នានេះដែរ ក្រឡេកទៅមើលយុវនិស្សិតមួយរូបទៀតមានឈ្មោះថា ស៊ូន ឡឹម ជានិស្សិតដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា ឆ្នាំទី៤ ថ្នាក់អាហារូបករណ៍ លោកបានធ្វើការរៀបរាប់ថា៖ «ក្រោយពីបានអនុញ្ញាតឱ្យសាលារៀនមួយចំនួនដំណើរការបើកទ្វារឡើងវិញទាំងនៅភ្នំពេញនិងតាមបណ្តាខេត្ត ប្អូនៗសិស្សានុសិស្សតម្រូវឱ្យសិក្សាផ្ទាល់នៅក្នុងថ្នាក់រៀន។ ដូច្នេះហើយប្អូនៗត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា។  បន្ថែមពីលើនេះប្អូនៗសិស្សានុសិស្សក៏ត្រូវតែត្រៀមខ្លួន និងអនុវត្តទៅលើចំណុចមួយចំនួនបន្ថែមទៀតដែរក្នុងនោះមានដូចជា៖

យុវនិស្សិត ស៊ូន ឡឹម

ត្រូវមានសម្ភារៈសម្រាប់វេចខ្ចប់អាហារទៅបរិភោគនៅសាលា ចៀសវាងទៅអាហារដ្ឋានដែលអាចនាំឱ្យមានមនុស្សច្រើនប្រឈមនឹងការឆ្លងជំងឺកូវីតខ្ពស់។ ជាងនេះទៅទៀតគួរមានដបទឹកសម្រាប់ផ្ទុកទឹកទុកបរិភោគ និងត្រូវតែបរិភោគទឹកស្អាត។ ក្រៅពីពាក់ម៉ាស និងលាងដៃដោយអាកុល ឬជែល ប្អូនៗក៏ត្រូវមានសម្ភារៈទាំងនេះនៅតាមខ្លួនដែរ ដើម្បីទុកសាគួរប្រើប្រាស់ពីកន្លែងមួយទៅកន្លែងដទៃទៀត។ ស្រដៀងគ្នានេះដែរត្រូវចូលរួមថែរក្សា និងប្រើប្រាស់បង្គន់ និងធុងសំរាមដែលស្អាត និងមានអនាម័យល្អ។ តួយ៉ាងត្រូវអនុវត្ត និងបន្តអនុវត្តការហាត់ប្រាណឱ្យបានជាប់ជានិច្ច ព្រោះការហាត់ប្រាណជួយឱ្យយើងមានសុខភាព និងមានអារម្មណ៍ស្រស់ថ្លាល្អ។ បន្ថែមពីនេះទៅទៀត ត្រូវមានសម្ភារៈសិក្សាឱ្យបានគ្រប់គ្រាន់ ចៀសវាងការប្រើប្រាស់រួមគ្នានាំឱ្យមានហានិភ័យក្នុងការចម្លងមេរោគ។ ជាចុងក្រោយនេះជាអ្វីដែលសាលាតម្រូវឱ្យមាន និងបង្ហាញមុនចូលថ្នាក់គឺកាតចាក់វ៉ាក់សាំង។ ប្អូនៗត្រូវតែថែរក្សាវាឱ្យបានល្អ និងទុកដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងទៅរៀនភ្លេចយកទៅ។ ចូរអនុវត្តហូបស្អាត ផឹកស្អាត និងរស់នៅស្អាត នាំឱ្យយើងមានសុខភាពល្អ និងរៀនពូកែ។»

យើងខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា ការយល់ឃើញ ក៏ដូចជាគន្លឹះរបស់និស្សិតខាងលើនឹងអាចជាចំណែកមួយក្នុងការចូលរួមទប់ស្កាត់នូវមេរោគកូវីដ-១៩មួយចំណែកដែរ។ ម៉្យាងវិញទៀត សិស្ស និស្សិតគួរតែរៀនទម្លាប់ខ្លួនទៅនឹងបរិបទថ្មីនេះឱ្យហើយ ដោយសារតែយើងពុំអាចដឹងថាមេរោគនេះវានឹងបាត់នៅពេលណា ប៉ុន្តែយើងអាចមានវិធានការដើម្បីទប់ស្កាត់ និងការពារខ្លួនយើងបាន បើទោះបីជាមានមេរោគនេះក៏ដោយ៕

  •  
  •  
  •  
  •