ប្រទេសចិនថ្កោលទោសការបង្កើនទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើគុយបាថាជាទង្វើខុសច្បាប់
រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា ការពង្រីកវិសាលភាពនៃទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា គឺជាទង្វើខុសច្បាប់ និងរំលោភលើបទដ្ឋានអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ប្រទេសចិនបានសង្កត់ធ្ងន់ថា វិធានការរឹតត្បិតបន្ថែមទាំងនេះមិនត្រឹមតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនគុយបាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដើរផ្ទុយពីគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការប្រើប្រាស់ទណ្ឌកម្មដើម្បីដាក់សម្ពាធលើប្រទេសអធិបតេយ្យផ្សេងទៀត គឺជាទម្រង់នៃអនុត្តរភាពនិយមដែលពិភពលោកមិនអាចទទួលយកបាន។ ទន្ទឹមនឹងនេះ ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មលើគុយបា ហើយងាកមកដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកវិញ។ ការបង្ហាញជំហរគាំទ្ររបស់ចិនចំពោះគុយបានាពេលនេះ បានឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងមហាអំណាចចិន និងអាមេរិក កំពុងបន្តមានភាពរកាំរកូស។
ប្រភព៖ Reuters











