អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ជ្រើសរើសក្រុមការងារយេនឌ័រក្រសួងឧស្សាហកម្ម ជាជ័យលាភីពានរង្វាន់ GEM ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានជ្រើសរើសក្រុមការងារយេនឌ័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយលោកជំទាវ រដ្ឋលេខាធិការ ឡាយ ណាវិន ជាជ័យលាភីពានរង្វាន់ “ការកៀរគរសមភាពយេនឌ័រ” (GEM) ឆ្នាំ២០២៦។



គួរបញ្ជាក់ថា ពានរង្វាន់នេះទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងរឹងមាំ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ UNIDO ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីក្នុងឧស្សាហកម្មបៃតងនៅកម្ពុជា។
ដោយឡែក អង្គការ UNIDO បានលើកឡើងថា៖ “ក្រុមការងារបានបង្ហាញនូវភាពជាអ្នកដឹកនាំយ៉ាងមុតមាំ ក្នុងការបញ្ចូលយុទ្ធសាស្រ្តដែលមានភាពឆ្លើយតបនឹងសមភាពយេនឌ័រ ទៅក្នុងគោលនយោបាយឧស្សាហកម្មបៃតង ដើម្បីលើកកម្ពស់ភាពអង់អាចរបស់ស្ត្រីក្នុងវិស័យឧស្សាហកម្មទូទាំងប្រទេស។
ជាងនេះទៅទៀត ការផ្តល់ពានរង្វាន់នេះស្របពេលនឹងការប្រារព្ធ «ជាទិវាអន្តរជាតិនៃស្ត្រីក្នុងវិស័យឧស្សាហកម្ម» ដែលអបអរ និងទទួលស្គាល់តួនាទីដ៏សំខាន់របស់ស្ត្រី ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកម្មន្តសាល និងបច្ចេកវិទ្យា ព្រមទាំងជំរុញអនាគតដែលកាន់តែមានសមភាព និងបរិយាបន្ន នៅទូទាំងពិភពលោក។
ប្រភព៖ ក្រសួងព័ត៌មាន















