| |

ប្រធានាធិបតីតៃវ៉ាន់បង្ខំចិត្តលុបចោលដំណើរទស្សនកិច្ចនៅទ្វីបអាហ្វ្រិក ក្រោយមហាអំណាចចិនប្រើឥទ្ធិពលរារាំងផ្លូវអាកាស


ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានសម្រេចលុបចោលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអេសស្វាទីនី ដែលជាសម្ព័ន្ធមិត្តការទូតតែមួយគត់របស់តៃវ៉ាន់នៅទ្វីបអាហ្វ្រិក បន្ទាប់ពីមានការអះអាងពីរដ្ឋាភិបាលតៃវ៉ាន់ថា ប្រទេសមួយចំនួនបានបដិសេធការអនុញ្ញាតឱ្យយន្តហោះប្រធានាធិបតីហោះឆ្លងកាត់ ដោយសារសម្ពាធខ្លាំងពីប្រទេសចិន។

ដំណើរទស្សនកិច្ចនេះគ្រោងធ្វើឡើងក្នុងឱកាសខួបលើកទី៤០ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Mswati ទី៣ នៃអេសស្វាទីនី។ ទោះជាយ៉ាងណា អគ្គលេខាធិការការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោក Pan Meng-an បានបញ្ជាក់ថា ប្រទេស Seychelles, Mauritius និង Madagascar បានលុបចោលការអនុញ្ញាតឱ្យហោះឆ្លងកាត់ដោយឯកតោភាគី និងគ្មានការជូនដំណឹងជាមុន។

ប្រទេសចិនតែងតែអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយប្រឆាំងយ៉ាងតឹងរឹងចំពោះសកម្មភាពការទូតរបស់តៃវ៉ាន់ជាមួយបណ្តាប្រទេសផ្សេងៗ។ នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ូសំប៊ិក លោក Daniel Chapo នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញការគាំទ្រដល់ការអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិក ប៉ុន្តែមិនបានលើកឡើងអំពីករណីដំណើរទស្សនកិច្ចនេះឡើយ។

ជាមួយគ្នានេះ លោក Lai បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការថា សកម្មភាពរបស់ចិនបង្ហាញពីហានិភ័យដែលរដ្ឋផ្តាច់ការអាចបង្កឡើងចំពោះសន្តិភាព និងស្ថិរភាពអន្តរជាតិ។ លោកបានបញ្ជាក់ថា គ្មានការគំរាមកំហែងណាមួយអាចរារាំងការចូលរួមរបស់តៃវ៉ាន់ជាមួយសហគមន៍អន្តរជាតិបានទេ។

ដោយឡែក នៅខាងភាគីប្រទេសដែលពាក់ព័ន្ធ ក្រសួងការបរទេសសីស្ហែលបានអះអាងថា ការបដិសេធនេះអនុវត្តតាមគោលនយោបាយយូរអង្វែងដែលមិនទទួលស្គាល់អធិបតេយ្យភាពរបស់តៃវ៉ាន់។ ខណៈមន្ត្រីម៉ាដាហ្គាស្ការក៏បានបញ្ជាក់ដូចគ្នាថា ប្រទេសរបស់ខ្លួនគោរពគោលការណ៍ “ចិនតែមួយ” និងអធិបតេយ្យភាពលើដែនអាកាស។

មន្ត្រីសន្តិសុខជាន់ខ្ពស់តៃវ៉ាន់ម្នាក់បានអះអាងថា “ចិនអាចបានប្រើវិធានការសេដ្ឋកិច្ច ដូចជាការគំរាមលុបចោលការបន្ធូរបន្ថយបំណុល ដើម្បីដាក់សម្ពាធលើប្រទេសទាំងនេះ”។

យ៉ាងណាមិញ ការលុបចោលដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាលើកដំបូងដែលប្រធានាធិបតីតៃវ៉ាន់មិនអាចធ្វើដំណើរផ្លូវការទៅក្រៅប្រទេសបាន ដោយសារឥទ្ធិពលនយោបាយពីចិន។ ដូចគ្នានេះ លោក Lai ក៏បានបន្តបញ្ជាក់ថា អនាគតរបស់តៃវ៉ាន់គួរតែសម្រេចដោយប្រជាជនតៃវ៉ាន់ខ្លួនឯង មិនមែនដោយការបង្ខិតបង្ខំពីខាងក្រៅឡើយ។

ប្រភព៖ The Guardian