|

គ្រោះមហន្តរាយអគ្គីភ័យដ៏ធំមួយ នៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានបំផ្លាញផ្ទះជាង ១,០០០ខ្នង និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីលំនៅឋាន!


អគ្គីភ័យដ៏ធំមួយបានឆាបឆេះ បំផ្លាញផ្ទះប្រជាជនប្រមាណ ១,០០០ខ្នង នៅក្នុងភូមិឆ្នេរសមុទ្រមួយ ដែលស្ថិតក្នុងស្រុក Sandakan រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋជាង ៩,០០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន។

តាមការបញ្ជាក់ពីលោក George Abd Rakman អធិការប៉ូលីសស្រុក Sandakan បាននិយាយថា ហេតុការណ៍នេះថា ជា “គ្រោះមហន្តរាយដ៏ធំ និងគួរឲ្យសោកស្ដាយ” ដែលបានប៉ះពាល់ដល់ប្រជាជនសរុបចំនួន ៩,០០៧ នាក់។

អាជ្ញាធរបានបញ្ជាក់ថា ផ្ទះ និងដី ទាំងអស់នៅក្នុងតំបន់ប្រហែល ១០ហិកតា ត្រូវបានបំផ្លាញស្ទើរតែ ១០០ភាគរយ។ ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍អំពីអ្នករងរបួស និងអ្នកស្លាប់នៅឡើយទេ ពេលនេះស្ថានភាពនៅតំបន់នោះ ត្រូវបានគ្រប់គ្រងទាំងស្រុង។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងសហការជាមួយអាជ្ញាធររដ្ឋ Sabah ដើម្បីផ្តល់ជំនួយបន្ទាន់ និងរៀបចំទីជំរកបណ្ដោះអាសន្ន សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ដោយឡែក លោក Anwar Ibrahim ក៏បានបញ្ជាក់បន្ថែមថា “អាទិភាពសំខាន់បំផុតនៅពេលនេះ គឺការធានាសុវត្ថិភាពជនរងគ្រោះ និងការផ្តល់ជំនួយបន្ទាន់នៅតំបន់កើតហេតុ”។

ប្រភព៖ The Guardian