| |

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ «កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់»


នាព្រឹកថ្ងៃព្រហ្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហព័ន្ធធុរកិច្ចសិង្ហបុរី ប្រទេសសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ “កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបន្តអនុវត្តគោលនយោបាយបើកចំហពាណិជ្ជកម្ម ទាក់ទាញវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការធ្វើទំនើបកម្មបរិយាកាសធុរកិច្ច”។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសដែល លោកជំទាវ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាធុរកិច្ចស្តីពី “កម្ពុជា៖ ទស្សនវិស័យធុរកិច្ចឆ្នាំ២០២៦ និងឱកាសធុរកិច្ច–Cambodia: Business Outlook 2026 and Unlocking Opportunities” ដែលរៀបចំឡើងដោយ សហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Aquarii BD Cambodia និងមានការចូលរួមពីធុរជនកម្ពុជា តំណាងវិស័យឯកជនសិង្ហបុរី និងសមាជិកសហព័ន្ធធុរកិច្ចសិង្ហបុរី វិនិយោគិន ធុរជន ព្រមទាំងដៃគូពាណិជ្ជកម្មជាច្រើនរូប ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការ ក្នុងវិស័យអាទិភាព រួមមាន៖ ភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ, សេដ្ឋកិច្ចឌីជីថល, និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ ជាដើម។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានដឹកនាំធុរជន អ្នកវិនិយោគិន ឱ្យមកស្វែងយល់បន្ថែមពីកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗក្នុងការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការបង្កើតភាពជាដៃគូជាមួយធុរជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យបំពេញឱ្យគ្នាទៅវិញទៅមក៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម