|

ទស្សនៈនិស្សិត៖ រឿងដែលយុវជនគួរធ្វើកំលុងពេលសិក្សាតាមរយៈទូរសិក្សាក្នុងបរិបទថ្មី


ដោយ៖ សន ស្រីពេជ្

ដោយសារការរីករាលជាសកលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជណាចក្រកម្ពុជា សម្រេចបិទសាលាគ្រប់កម្រិតទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។ កម្មវិធីការអភិវឌ្ឍសមត្ថភាពសម្រាប់វិស័យអប់រំកម្ពុជា របស់អង្គការ យូណេស្កូ, Capacity Development for Education (CapED) បានធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងក្រសួងអប់រំ ក៏ដូចជាដៃគូពាក់ព័ន្ធនានា ដើម្បីរួមគ្នាសហការគ្នាគាំទ្រការបង្រៀនតាមទូរសិក្សា និងធានានូវសុវត្ថិភាពរបស់សិស្ស និងកាត់បន្ថយការរីករាលដាលនៃជំងឺមួយនេះ ទោះបីស្ថិតក្នុងស្ថានភាពកូវីដក៏ដោយ។ 

បញ្ហាជាសកលដែលកំពុងកើតមាន ជម្រើសដ៏ល្អមួយ ដើម្បីទប់ស្កាត់ការរីករាលដាល និងពិសេសដើម្បីឱ្យសិស្សនៅតែបន្តការសិក្សារបស់ខ្លួនបានជាប្រក្រតី គឺមានតែការសិក្សាពីចម្ងាយ ឬហៅថាទូរសិក្សា។ ការសិក្សាពីចម្ងាយ ពុំបានតម្រូវឱ្យគ្រូ និងសិស្សអាចប្រាស្រ័យទាក់ទងផ្ទាល់នឹងគ្នាបានឡើយ ជាហេតុធ្វើឱ្យសកម្មភាពសិក្សារបស់សិស្សពិបាកនឹងតាមដាននិងអង្កេត។ ក្នុងន័យនេះ ទូរសិក្សាទាមទារដាច់ខាតពីការខិតខំប្រឹងប្រែងពីសំណាក់សិស្សខ្លួនឯង ត្រូវកុំធ្វេសប្រហែស កុំភ្លេចខ្លួន ឬកុំបណ្តែតបណ្តោយ ទន់ទោរ ផ្តេកផ្តួលទៅតាមស្ថានការណ៍កូវីដ។ (អាចអាន ថែមថយបន្ថែម)

ជុំវិញរឿងរ៉ាវនេះ និស្សិតចំនួន៥រូប បង្ហាញពីគន្លឹះនិងការលើកទឹកចិត្តជូនដល់សិស្សនិស្សិត ឱ្យមានកម្លាំងចិត្ត និងដាស់តឿនឱ្យមានការព្យាយាមសិក្សារៀនសូត្រឡើងវិញ ទោះបីសិក្សាតាមរយៈទូរសិក្សាយ៉ាងណាក្ដី។

១/ យុវនិស្សិត សុខ សុវណ្ណ ជានិស្សិតឆ្នាំទី២ ជំនាញនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានបង្ហាញពីការយល់ឃើញរបស់លោកថា៖ «ចូលរៀនឲ្យបានទៀងទាត់តាមកាលវិភាគដែលសាលាបានកំណត់។ លើសពីនេះទៅទៀតត្រូវរំឭកមេរៀននីមួយៗដែលបានរៀនរួច។ ធ្វើកិច្ចការគ្រូដាក់ឱ្យ (assignments) ឱ្យបានទាន់ពេលវេលា  កុំទុកគរចោល  ព្រោះប្រសិនបើច្រើនពេកក៏វាជាសម្ពាធមួយផងដែរ។ »

យុវនិស្សិត សុខ សុវណ្ណ

២/ ស្រដៀងគ្នានេះដែរ ចំពោះយុវនិស្សិត ម៉ៅ រស្មី ជាអតីតនិស្សិតជំនាញធនាគារ និងហិរញ្ញវត្ថុ ជំនាន់ទី២១ នៃសកលវិទ្យាល័យន័រតុន (NU) បានធ្វើការបង្ហាញទស្សនៈរបស់កញ្ញាថា៖ « ការសិក្សាមិនអាចប្រព្រឹត្តទៅបានដោយរលូននោះឡើយ ប្រសិនបើបរិយាកាសនៅកន្លែងសិក្សាមានសភាពអាប់អួ​ ដូច្នេះត្រូវរកកន្លែងដែលសមស្របទៅនឹងចំណង់ចំណូលចិត្តរបស់យើង។​​ ជាពិសេសត្រូវមានម៉ោងសម្រាក ការសម្រាកបន្ទាប់ពីសិក្សាជួយឲ្យអារម្មណ៍ស្រស់ស្រាយ​ មិនតានតឹង និងរៀនឆាប់ចូល។»

យុវនិស្សិត ម៉ៅ រស្មី

៣/ តួយ៉ាងចំពោះយុវនិស្សិត លេវ ប្រណិត មុខជំនាញរដ្ឋបាលសាធារណៈ ឆ្នាំទី៤ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានមានប្រសាសន៍ថា៖ «និស្សិតត្រូវចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់ជាមួយនឹងការសិក្សាតាមប្រព័ន្ធអនឡាញ និងការធ្វើកិច្ចការផ្ទះ។ លើសពីនេះទៅទៀត ត្រូវខិតខំស្តាប់ការពន្យល់ ណែនាំរបស់សាស្ត្រាចារ្យ ដោយយកចិត្តទុកដាក់បំផុត។ ជាពិសេសត្រូវបង្កើនទំនាក់ទំនងជាមួយនឹងសាស្ត្រាចារ្យ ក៏ដូចជាមិត្តរួមថ្នាក់ឱ្យបានកាន់តែច្រើន។ ម៉្យាងវិញទៀត ត្រូវខិតខំស្វែករកឯកសារមេរៀនផ្សេងៗតាមរយៈប្រព័ន្ធអនឡាញដែលពាក់ព័ន្ធនឹងជំនាញដែលយើងកំពុងសិក្សា។»

យុវនិស្សិត លេវ ប្រណិត

៤/ បន្ថែមពីនេះយោងទៅតាមយុវនិស្សិត ង៉ុយ សារិកា ជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការលើកឡើងពីគំនិតរបស់កញ្ញាថា៖ «ត្រូវតាំងចិត្តឱ្យបានល្អ កុំគិតពីចំណុចអវិជ្ជមាន ដូចជាគិតថារៀននៅក្នុងថ្នាក់ស្រួលជាងនៅផ្ទះ ហើយរៀនតាមអនឡាញរៀនមិនបានផលដូចរៀនក្នុងថ្នាក់ សូមបញ្ឈប់គំនិតបែបនេះទៀតទៅ ត្រូវតែតាំងចិត្តឡើងវិញ ព្រោះថាប្រសិនបើយើងតាំងចិត្តរៀន ទីកន្លែងណាក៏អាចរៀនបានដែរ។ លើសពីនេះរៀននៅផ្ទះយើងទទួលបានផលច្រើនជាងរៀននៅសាលាផ្ទាល់ទៀតផង។»

យុវនិស្សិត ង៉ុយ សារិកា

៥/ ផ្អែកទៅតាមយុវនិស្សិត ឃិន សុនេត្រា ជំនាញផ្នែកច្បាប់ ឆ្នាំទី២ នៃសាកលវិទ្យាល័យកម្ពុជា កញ្ញាបានធ្វើការលើកឡើងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់និស្សិតទាំងអស់គួរតែព្យាយាមសិក្សា និងស្រាវជ្រាវខ្លួនឯងបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព និងគុណភាពនៃការសិក្សារបស់ខ្លួនដែលជាប្រយោជន៍ទៅថ្ងៃខាងមុខ។ ដូចពាក្យចាស់បានពោលថា “ដាំដើមអ្វីនឹងទទួលបានផលជាផ្លែនោះ” បើយើងប្រៀបធៀបទៅលើការសិក្សាវិញគឺ ប្រសិនបើអ្នកទាំងអស់គ្នាខិតខំសិក្សារៀនសូត្រមិនថា ក្នុងកាលៈទេសៈណាក៏ដោយនោះការសិក្សានិងហុចផលឱ្យអ្នកទាំងអស់គ្នានៅពេលក្រោយ។»

យុវនិស្សិត ឃិន សុនេត្រា

ជារួមមកយើងខ្ញុំសង្ឃឹមថា វិធីសាស្រ្តក៏ដូចជាទស្សនៈការលើកទឹកចិត្តរបស់យុវនិស្សិតខាងលើនេះ នឹងអាចជួយដល់យុវនិស្សិតគ្រប់រូបដែលកំពុងសិក្សាតាមរយៈប្រព័ន្ធអនឡាញ។ ជាពិសេសវាអាចជាគន្លឹះមួយសម្រាប់លោកអ្នកយកទៅអនុវត្តន៍ក្នុងការសិក្សាបច្ចុប្បន្ននេះ ដោយមិនផ្ដេកផ្ដួលទៅតាមស្ថានការណ៍កូវីដ-១៩។ ទោះបីយើងសិក្សាតាមរយៈទូរសិក្សាក៏ពិតមែន តែយើងត្រូវចេះទាញយកប្រយោជន៍ពីការសិក្សាពីចម្ងាយនេះដើម្បីឱ្យការសិក្សារបស់យើងរីកចម្រើនទៅមុខ៕

កែសម្រួលដោយ៖ BRANDMEDIA