ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Penny Wong ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងសកល
នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។


ក្នុងជំនួបពិភាក្សាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្ត្រីការបរទេស ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ច ជូនឯកឧត្តម និងគណៈប្រតិភូ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម នៅប្រទេសអូស្ត្រាលីនេះ។ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាទស្សនកិច្ចផ្លូវការនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនលោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយក៏បានឆ្លៀតឱកាសផ្លាស់យោបល់គ្នាលើបញ្ហាតំបន់ និងសកលដែលជាប្រយោជន៍ និងកង្វល់រួម។
ប្រភព៖ ក្រសួងការបរទេស















