អាមេរិក គាំទ្រ កម្ពុជា កំណត់គោលដៅក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាប្រឈមបញ្ហាមីននាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ផងដែរ។


ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះភាពដៃគូយ៉ាងរឹងមាំ និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការជាតិស៊ីម៉ាក់ ក៏ប្រតិបត្តិករអន្តរជាតិដទៃទៀត ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងបានទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក អស់រយៈពេលជាង ៣០ ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។
ដោយឡែក ឯកឧត្តម បានចាត់ទុកភាពជាដៃគូ និងការបន្តកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងសម្រេចបាននូវគោលដៅរួមនៃប្រទេសកម្ពុជាដែលមានសុវត្ថិភាព និងគ្មានមីន៕
ប្រភព៖ អាជ្ញាធរមីន















