យុវជន និងការអានសៀវភៅនាសតវត្សទី២១
ដោយ៖ សន ស្រីពេជ្រ
«ការអានសៀវភៅ» គឺជាតម្រូវការដ៏ចាំបាច់របស់ខួរក្បាល និងមានឥទ្ធិពលជាទីបំផុតនៅគ្រប់សម័យកាល។ប្រសិនបើអ្នកអានច្រើន អ្នកនឹងដឹងច្រើន អ្នកអានច្រើនអ្នកនឹងឆ្ងល់ច្រើន អ្នកអានច្រើនអ្នកនឹងអនុវត្តបានច្រើន អ្នកអានច្រើនអ្នកនឹងអភិវឌ្ឍខ្លួនទៅមុខ។ តើការអានពិតជាសំខាន់មែនទេសម្រាប់យុវជន? តើការអាននាសតវត្សទី២១មានអត្ថន័យយ៉ាងណា?
លោក សុខ សុវណ្ណ បានធ្វើការរៀបរាប់ថា៖ «ដើម្បីឱ្យយុវជនមានចំណង់ចំណូលចិត្តអានកាន់តែមានចំនួនច្រើន» ជាយោបល់របស់ខ្ញុំត្រូវគប្បីលើកកម្ពស់ផ្នែកអំណានតាមរយៈការដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ឬព្រឹត្តិការណ៍នានា ដូចជា ទិវាអំណានដែលក្រសួងអប់រំតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញ និងបង្កើនសមត្ថភាពតាមអំណានតែម្ដង។ យុវជនត្រូវដឹងឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍ដែលទទួលបានពីអំណានដូចជា ការប្រើប្រាស់វាក្យសព្ទក្នុងការសរសេរ ការប្រើប្រាស់ភាសាក្នុងការនិយាយជាដើម។
តួយ៉ាងយុវជនខ្លួនឯងក៏ត្រូវមានឆន្ទៈ មនសិការ ចង់ចេះចង់ដឹង ចង់ចែករំលែក ចំណេះដឹងនានាប្រកបដោយក្ដីសប្បុរស បានន័យថាយើងមិនត្រូវកំណាញ់គំនិតឡើយ។ យុវជនឬបុគ្គលដែលមានជីវភាពខ្វះខាតដូចជាសម្ភារៈសិក្សា ឬឯកសារជាដើម គឺជាអ្វីដែលយើងគួរចែករំលែក។ ក្រៅពីនេះ យុវជនក៏ជាមគ្គទេសក៍ដ៏សំខាន់ក្នុងការណែនាំអ្នកដទៃឱ្យយល់អំពីអត្ថប្រយោជន៍ ដំបូន្មាន និងគំនិតច្នៃប្រតិដ្ឋនៃការអាន។
យុវនិស្សិតមួយរូបនេះបានបន្ថែមថា៖ ការអានសៀវភៅទាក់ទងនឹងមុខជំនាញដែលយើងកំពុងរៀនជារឿងមួយធម្មតា ប៉ុន្តែការអានសៀវភៅផ្សេងៗទៀតក្រៅពីមុខជំនាញក៏ជារឿងមួយដែលយើងគួរយកចិត្តទុកដាក់ ព្រោះសៀវភៅទាំងអស់សុទ្ធតែសំខាន់។ មួយវិញទៀត ការអានសៀវភៅលើប្រធានបទច្រើនអាចផ្ដល់លក្ខណៈទូលំទូលាយនៃការយល់ដឹងរបស់យើងក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនព្រមទាំងសង្គម។ វាប្រៀបបីដូចជាយើងកំពុងពង្រឹងចំណេះដឹងសាធារណៈឱ្យកាន់តែរីកចម្រើន ហើយឈានទៅរកការចែករំលែកបន្តទៅកាន់មនុស្សជាទីស្រលាញ់ មិត្តភក្ដិ គ្រួសារ ឪពុកម្ដាយ បងប្អូន ក៏ដូចជាសាធារណជនផងដែរ។ ចំពោះវិធីសាស្រ្ត ក៏ដូចជាគន្លឹះក្នុងការអានសៀវភៅឱ្យមានប្រសិទ្ធភាព សម្រាប់ខ្ញុំមាន៧ចំណុចចង់ចែករំលែក ជាដំបូងយើងត្រូវដឹងឬស្គាល់ពីខ្លួនឯងថា៖
១/ តើយើងចូលចិត្តអានសៀវភៅបែបណា? បន្ទាប់មកជ្រើសរើសសៀវភៅនិងកំណត់ពេលវេលាសម្រាប់អាន។
២/ បើកទំព័រដំបូងនៃសៀវភៅ យើងត្រូវមើលទៅលើមាតិការបស់សៀវភៅនោះ ថាគេនិយាយពីអ្វី?
៣/ ចាប់ផ្ដើមអានលើកទី១ ដោយយកយល់សិន មិនចាំបាច់យល់ទាំងអស់នៅក្នុងសៀវភៅក៏បាន ហើយត្រូវមានខ្មៅដៃ ប៊ិក ឬហ្វឺតសម្រាប់ហាយឡាយចំណុចសំខាន់ៗ និងខ្លឹមសាររួមនៅក្នុងអត្ថបទនីមួយៗ។
៤/ អានទៅមុខជានិច្ច ប្រសិនបើអានអត់យល់ត្រង់ទំព័រណាមួយដែលយើងកំពុងតែអានទេ សូមយើងកុំបកក្រោយ យើងត្រូវបញ្ចប់វាសិន រួចសឹមបន្តការអានសាដើមឡើងវិញម្ដងទៀត។ មួយវិធីទៀត ប្រសិនបើយើងចង់អានកុំឱ្យច្រឡំជួរអក្សរ យើងត្រូវប្រើចុងប៊ិកឬចង្អុលដៃអូសពីលើចំណុចយើងត្រូវអាន និងអាចជួយបង្កើនការយល់ជាទូលំទូលាយដល់យើងថែមទៀតផង។
៥/ អានសៀវភៅនោះម្ដងទៀតដោយធ្វើការអានលក្ខណៈលម្អិត (អាស្រ័យលើសិល្បៈនៃការអានរបស់យើងផ្សេងៗពីគ្នា)។
៦/ ចែករំលែកទៅកាន់អ្នកដទៃ មិត្តភក្ដិ ឬមនុស្សជុំវិញខ្លួនជារឿយៗ (តាមគ្រប់មធ្យោបាយដូចជា ការពន្យល់ ការសរសេរ…..) យើងនឹងបានយល់កាន់តែច្បាស់។
៧/ សាកល្បងសរសេរអត្ថបទមួយដែលទាក់ទងនឹងការយល់ចេញពីការអានរបស់យើងចេញមកដោយប្រើគំនិតដែលមានស្រាប់ និងគំនិតច្នៃប្រតិដ្ឋរបស់យើងបន្ថែម នោះការចងចាំ ការយល់ពីខ្លឹមសារក្នុងសៀវភៅទាំងមូលនឹងចងចាំបានយូរ។
គោលការណ៍៖ ចំណង់ចំណូលចិត្ត (មនោសញ្ចេតនា) + ព័ត៌មាន ឬទិន្នន័យ = ការចងចាំរយៈពេលវែង Emotion + Information = Long-term memory»
ជាការផ្តាំផ្ញើ និស្សិតសម្បុរស្រអែមរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ នាសតវត្សទី២១នេះ យុវជនឬអ្នកសិក្សាគួររក្សាឆន្ទៈក្នុងការបន្តខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ តស៊ូ អត់ធ្មត់ដោយខ្លួនឯង សន្សំបទពិសោធន៍ឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ការស្រមៃចង់បានលទ្ធផលលឿនពេក អាចធ្វើឱ្យការរំពឹងទុករបស់យើងបរាជ័យបាន ឬអាចឈានដល់ការបាក់ទឹកចិត្តក្នុងការបន្តដំណើរទៅមុខក៏ថាបាន ដូចសុភាសិតខ្មែរបុរាណលោកពោលថា “តក់ៗពេញបំពង់”។
គួបផ្សំនឹងយុគសម័យទំនើបនេះ គឺយើងមានបច្ចេកវិទ្យាថ្មីៗជាច្រើន ជាពិសេសទូរសព្ទដៃតែម្ដងដែលយើងអាចទាញផលប្រយោជន៍ច្រើនពីវា ប្រសិនបើយើងចេះប្រើវាឲ្យបានត្រឹមត្រូវ។ ទូរសព្ទដៃជាបណ្ណាល័យចល័តមួយដែលបង្កភាពងាយស្រួលដល់យើងបានគ្រប់មធ្យោបាយ។ បច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ការអានសៀវភៅជាក្រដាសនៅតែមានលក្ខណៈពេញនិយម ដូចការអានតាមឧបករណ៍អេឡិចត្រូនិចនាសតវត្សទី២១នេះដែរ»។
យើងសង្ឃឹមយ៉ាងមុតមាំថា ការចែករំលែករបស់យុវនិស្សិត សុខ សុវណ្ណ អាចជាគតិក៏ដូចជាពុទ្ធិមួយចំណែកដល់យុវជនក្នុងសតវត្សទី២១នេះ ឱ្យងាកមកផ្ដោតលើការអានសៀវភៅឱ្យកាន់តែច្រើនឡើង។ ជាពិសេសលោកអ្នកអាចដកស្រង់យកនូវចំណុចដែលលោកអ្នកគិតថាល្អយកទៅអនុវត្តបាន។ ដំបូងយើងត្រូវទ្រាំបង្កើតទម្លាប់ជាមុនសិន បន្ទាប់មកទម្លាប់បង្កើតអ្វីៗគ្រប់យ៉ាងផ្ដល់ជូនយើងវិញ។ អនាគតយើងអាស្រ័យលើទម្លាប់ប្រចាំថ្ងៃរបស់យើងនេះឯង។ អ្នករៀនមិនមែនជាអ្នកចេះ តែអ្នកចេះកើតចេញពីអ្នករៀន កុំបោះបង់ឆាប់ពេក ព្រោះគ្រប់យ៉ាងត្រូវការពេលវេលា៕
កែសម្រួលដោយ៖ BRANDMEDIA