|

ចំណុចគួរកត់សម្គាល់មួយចំនួនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥


ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំឡើងរយៈពេល ០៣ ថ្ងៃ នៅលើទឹកដីអង្គរនៃខេត្តសៀនរាប បានបញ្ចប់ទៅដោយរលូន ជោគជ័យ និងទទួលបានការសាទរយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងភាពជោគជ័យនេះ អង្គរសង្ក្រាន្តឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចមួយចំនួនគួរកត់សម្គាល់។

ចំណុចទី១៖ អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានប្រកាសបើកជាផ្លូវការដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនេះជាជាឆ្នាំថំបូងដែលធិបតីអញ្ជើញបើក ចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រី។ ទិដ្ឋភាពនៃពិធីបើកបានប្រព្រឹត្តទៅយ៉ាងឱឡារិក ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋជាច្រើន។

ចំណុចទី២៖ អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ត្រូវបានកត់សម្គាល់ឃើញថា មានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត លេចធ្លោ និងគួរជាទីទាក់ទាញ។ ការសាងសង់នៅតាមទីតាំងនីមួយៗមានការផ្ចិតផ្ចង់ សម្រិតសម្រាង តាមរចនាបថបែបខ្មែរ លាយបញ្ចូលបែបសហសម័យ ដែលពោរពេញដោយប្រណីតភាព។ ជាក់ស្ដែងដូចជាការរចនាខ្លោងទ្វារអង្គរសង្ក្រាន្តដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ទៅលើក្បូរក្បាច់រចនាបែបខ្មែរ ឆ្លុះបញ្ចាំងពីអត្ថន័យ ក៏ដូចជាអត្តសញ្ញាណជាតិ។ ក្រៅពីនោះ ក៏មានទីតាំងទាក់ទាញជាច្រើនផ្សេងទៀតដូចជាតំបន់ភូមិខ្ញុំ ទីតាំងបណ្ដែតគោមបួសួង ក៏ដូចជាការតាំងលម្អរូបផ្កាផ្ដៅដែលត្បាញដោយដៃរបស់បងប្អូនសិប្បករនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង។

ចំណុចទី៣៖ គឺការគាំទ្រពីសំណាក់យុវជន។ តាមរយៈការចូលរួម និងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះព្រឹត្តិការណ៍បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ផូរផង់ទៅកាន់ពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់។ ជាក់ស្ដែង យុវជនជាង ៥ពាន់នាក់ បានស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រកបដោយឆន្ទៈមុះមុត។ មិនត្រឹមតែយុវជនស្ម័គ្រចិត្តនោះទេ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកលេងអង្គរសង្ក្រាន្ត ក៏សង្កេតឃើញថាជាយុវវ័យផងដែរ ដោយលើសពីការមកចូលរួមកម្សាន្ត ប៉ុន្តែពួកគាត់បានជួយផ្សព្វផ្សាយពីអង្គរសង្ក្រាន្តយ៉ាងទូលំទូលាយទៀតផង។

ចំណុចទី៤៖ ទោះបីជាមានភ្ញៀវទេសចរច្រើន ប៉ុន្តែបរិស្ថាននៅបរិវេណអង្គរ និងតំបន់ផ្សេងៗនៅរក្សាបាននូវសោភ័ណភាពល្អ ដោយសំរាមគឺមានតិចតួចបំផុត។ នេះជាចំណុចដ៏ល្អដែលបង្ហាញពីការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអ្នកថែរក្សាអនាម័យ បរិស្ថាន ដែលបានយកចិត្តទុកដាក់ និងលះបង់កម្លាំងកាយចិត្ត ធ្វើការទាំងក្រោមកម្ដៅថ្ងៃ។

ចំណុចទី៥៖ គឺការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។ ថ្នាក់ដឹកនាំ ស.ស.យ.ក. ដែលជាគណៈកម្មការរៀបចំបានយកចិត្តទុកដាក់ លើភាគីពាក់ព័ន្ធដែលជាអ្នកនៅពីក្រោយភាពស្រស់ស្អាត និងរបៀបរៀបរយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរួមមានយុវជនស្ម័គ្រចិត្ត បងប្អូនអ្នកថែរក្សាអនាម័យ បងប្អូនកងកម្លាំងជាដើម តាមរយៈការសួរសុខទុក្ខ និងការបង្កើតកម្មវិធីកម្សាន្ត ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនពួកគាត់ផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងរយៈពេល០៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»៕