|

ឯកឧត្ដម លី ធុជ៖ យុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយកងកម្លាំងយោធាថៃ បានបង្កសោកនាដកម្ម និងកំពុងក្លាយជាសត្រូវលាក់មុខរបស់ប្រជាជនស៊ីវិល!


នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ។ ឧប្បត្តិហេតុផ្ទុះនេះ បង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ទុកដោយកងកម្លាំងយោធាថៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំគោករំដួល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបណ្តាលឱ្យមនុស្សចំនួន ០៤នាក់ រងរបួស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតនៃផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម ដែលកម្ពុជាធ្លាប់បានជួបប្រទះ និងបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ទោះបីសង្គ្រាមបានបញ្ចប់ក៏ដោយ។

ដោយឡែក ឯកឧត្តមបន្តថា យុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយកងកម្លាំងយោធាថៃកាលពីថ្មីៗនេះ បានបន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា បង្កសោកនាដកម្ម និងកំពុងក្លាយជាសត្រូវ្លាក់មុខរបស់ប្រជាជនស៊ីវិល ជាពិសេសស្រ្តី កុមារ និងសហគមន៍ងាយរងគ្រោះ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំចូលតំបន់ដែលសង្ស័យរងប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវកាត់ស្មៅឱ្យស្អាតមុននឹងធ្វើសកម្មភាព និងជាពិសេសរង់ចាំការឆ្លើយតបបន្ទាន់ពីប្រតិបត្តិករបោសសម្អាតមីន។

ប្រភព៖ អាជ្ញាអរមីន