ឯកឧត្តម ប៉ូល ពីឌូ ណែនាំឲ្យមន្ត្រីរាជការចំនួន ៤០រូប ដែលទៅចូលរួមវគ្គបណ្តុះបណ្តាលនៅសាធារណរដ្ឋឥណ្ទា ត្រូវមានទំនាក់ទំនងល្អ និងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា!
នៅរសៀលថ្ងៃថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយមន្ត្រីរាជការរបស់កម្ពុជាដែលត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជានៅទីក្រុង Mussorie សាធារណរដ្ឋឥណ្ឌា។ វគ្គបណ្តុះបណ្តាលខ្លីនេះ រៀបចំឡើងក្រោមកម្មវិធី (ITEC) ដោយប្រតិភូកម្ពុជាសរុបចំនួន ៤០រូបមកពីក្រសួងចំនួន១០ នឹងចូលរួម។



ជាមួយគ្នានោះ ឯកឧត្តម ក៏បានផ្តាំផ្ញើរចំពោះសិក្ខាកាម ត្រូវរក្សាឱ្យបាននូវគុណតម្លៃ នៃភាពជាតំណាងរបស់ជាតិ ប្រជាជន និងមន្ត្រីរាជការសុីវិល រក្សាឱ្យបាននូវឧត្តមភាពមន្ត្រីរាជការ និងត្រូវមានភាពបុរេសកម្មរបស់ខ្លួន ត្រូវស្តាប់ការណែនាំរបស់ ប្រធានតំណាង ក្នុងសា្មរតីសាមគ្គីភាពព្រមទាំងបង្ហាញសន្តានចិត្តល្អ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ផ្តល់ការគោរពឱ្យតម្លៃទៅលើស្ថាប័ន និងគ្រូឧទ្ទេស នៃសាធារណរដ្ឋឥណ្ឌា និងផ្តល់ការគាំទ្រការអភិវឌ្ឍសមត្ថភាពមន្ត្រីកម្ពុជា។
ឯកឧត្តមក៏បានក្រើនរំលឹកឱ្យមន្ត្រីយើង រំលឹកទំនាក់ទំនងល្អជាប្រពៃរវាងរាជរដ្ឋាភិបាល និងប្រជាជនទាំង២ប្រទេស និងផ្តល់ព័ត៌មានទំនាក់ទំនងល្អជាប្រពៃណី ពេលជួបមន្ត្រីរាជការឥណ្ឌា ជាពិសេសត្រូវចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ទៅកាន់ប្រទេសឥណ្ឌា ដើម្បីទាក់ទាញអ្នកទេសចរមកកំសាន្ត។

យ៉ាងណាមិញឯកឧត្តម ក៏សង្ឃឹមថា មន្ត្រីសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង និងបទពិសោធល្អៗ និងមានសារៈសំខាន់ យកទៅបន្តចែករំលែកដល់មន្ត្រីផ្សេងៗតាមស្ថាប័នរៀងៗខ្លួន ព្រមទាំងយកចំណេះដឹង និងបទពិសោធដែលទទួលបានយកទៅអភិវឌ្ឍការងារតាមស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
ប្រភព៖ ក្រសួងមុខងារសាធារណៈ















