|

ឯកឧត្តម ហ៊ុន ម៉ានី៖ ប្រជាជននៅសមរភូមិក្រោយ រួមទាំងក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស តែងតែនៅជាមួយកងកម្លាំង ដែលឈរជើងនៅសមរភូមិជួរមុខគ្រប់កាលៈទេសៈ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ អញ្ជើញមានវត្តមានក្នុងពិធីរួមមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោគ និងទាហ៊ាន នាយទាហ៊ានរង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាអុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្រ្តៃណ៍ និងសមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព នៃស្ថានភាពក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន​ ម៉ានី និងប្រតិភូទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងជួរមុខ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចធិបតី និងបានថ្លែងអំណរគុណចំពោះអគ្គមេបញ្ជាការ មេបញ្ជាការង នាយទាហ៊ាន នាយទាហ៊ានរង ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់ដើម្បីការពារបូរណភាពទឹកដី និងសុខសុវត្ថភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ប្រជាជននៅសមរភូមិក្រោយ រួមទាំងក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស តែងតែនៅជាមួយកងកម្លាំង ដែលឈរជើងនៅសមរភូមិជួរមុខគ្រប់កាលៈទេសៈ។